ព័ត៌មានទាន់ហេតុការណ៍៖

ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាធ្លាក់ខ្លួនឈឺធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ផាដែលជា មន្ទីរពេទ្យគាំពារកុមារប្រកបដោយសប្បុរស ធម៌នោះកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ បានប្រកាសអាសន្នថា ស្ថានិករបស់ខ្លួន គឺលោកវេជ្ជបណ្ឌិត ប៊ីត រីចនើរ (Beat Richner) ពេលនេះបានធ្លាក់ខ្លួនឈឺធ្ងន់ កំពុងសម្រាកព្យាបាលនៅប្រទេសស្វុីស។

សេចក្ដីប្រកាសនោះបានបញ្ជាក់ថា ក្នុង ស្ថានភាពបែបនេះលោកវេជ្ជបណ្ឌិត Beat Richnerនឹងលាលែងពីតំណែងនាពេល ខាងមុខ ហើយតំណែងជាប្រធានគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផានឹងត្រូវប្រគល់ជូនលោក វេជ្ជបណ្ឌិត Peter Studer ដែលជាអនុប្រធាន មន្ទីរពេទ្យនាពេលបច្ចុប្បន្ន។ យ៉ាងណាក៏ដោយមន្ទីរពេទ្យគន្ធបុប្ផាបានប្រកាសឲ្យ ដឹងថា បើទោះបីលោកវេជ្ជបណ្ឌិត Beat Richner ធ្លាក់ខ្លួនឈឺធ្ងន់យ៉ាងណាក្តីតែ មន្ទីរពេទ្យនៅតែដំណើរការជាធម្មតាជា មួយបុគ្គលិកប្រមាណ២.៥០០រូប ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយដោយចាត់ ទុកលោកវេជ្ជបណ្ឌិត Beat Richnerថា ជាបុគ្គលដែលបានជួយសង្គ្រោះជីវិតកុមារ កម្ពុជាបានយ៉ាងច្រើន។ លោករដ្ឋមន្ត្រីបន្ត ថា ក្រសួងសុខាភិបាលនឹងបន្តធ្វើការយ៉ាងស្អិតល្មួតជាមួយប្រធានមន្ទីរពេទ្យគន្ធបុប្ផាថ្មីគឺលោកវេជ្ជបណ្ឌិត Peter Studer ។

សូមបញ្ជាក់ថា បច្ចុប្បន្នមន្ទីរពេទ្យកុមារគន្ធបុប្ផាមានចំនួន៤ទីតាំងគឺនៅភ្នំពេញ ចំនួន៣ និងខេត្តសៀមរាប១។ លោកវេជ្ជ បណ្ឌិត Beat Richnerបានចាប់ផ្តើមបើក ដំណើរការមន្ទីរពេទ្យមនុស្សធម៌គន្ធបុប្ផា ជួយព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃប្រកបដោយប្រសិទ្ធភាពតាំងពីឆ្នាំ១៩៩២មកម្លេ៉ះ។ គិតមកដល់ត្រឹមឆ្នាំ២០១៦ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៥០០លានដុល្លារសម្រាប់ការព្យាបាល ក្នុងនោះប្រមាណ៤០០លានដុល្លារបានមកពីសប្បុរសជននៅប្រទេសស្វុីសនិងប្រមាណ៧ភាគរយជាការចូលរួមរបស់រាជរដ្ឋាភិ បាលកម្ពុជា ៨,៨ភាគរយជាការចូលរួម របស់រដ្ឋាភិបាលស្វុីស (រដ្ឋាភិបាលស្វុីសបានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ)។ ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅប្រទេសផងដែរ ។

យោងតាមសេចក្តីរាយការណ៍ដដែល បានឲ្យដឹងទៀតថា លោក Beat Richner ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះកាល ពីជាង១០ថ្ងៃមុន ហើយកាលពីល្ងាចថ្ងៃ ទី២៨ ខែមីនា ឆ្នាំ២០១៧ ស្រាប់តែមានការ ភ្ញាក់ផ្អើលបន្ទាប់ពីបុគ្គលិករបស់មន្ទីរពេទ្យគន្ធបុប្ផាបានជូនពរឲ្យលោកឆាប់ជា ។

លោកវេជ្ជបណ្ឌិត Beat Richner កើត នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ ជាជន ជាតិស្វុីស។ លោកជាគ្រូពេទ្យកុមារ អ្នក លេងឧបករណ៍តន្ត្រីសូឡូ និងជាអ្នកបង្កើត មន្ទីរពេទ្យកុមារនៅព្រះរាជាណាចក្រ កម្ពុជា ហើយក៏ជានាយកនៃមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ។

មន្ទីរពេទ្យមានសាខាចំនួន៥ដែលបាន បង្កើតឡើងដោយលោកវេជ្ជបណ្ឌិត Beat Richner។ មន្ទីរពេទ្យគន្ធបុប្ផាត្រូវបាន បង្កើតឡើង និងមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ រាល់ការព្យាបាលនៅមន្ទីរពេទ្យរបស់លោកពុំមានការគិតកម្រៃឡើយ។ សាខាគន្ធបុប្ផាទី១ និង ទី២ ស្ថិតនៅក្នុងរាជធានីភ្នំពេញ និងមន្ទីរ ពេទ្យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅខេត្ត សៀមរាប។ មន្ទីរពេទ្យគន្ធបុប្ផាទី៤បាន បើកដំណើរការនៅខែធ្នូក្នុងឆ្នាំ២០០៥ នៅភ្នំពេញហើយបានរួមបញ្ចូលគ្នាជាមួយនឹងមន្ទីរពេទ្យគន្ធបុប្ផាទី១។ អគាររបស់មន្ទីរពេទ្យគន្ធបូប្ផាទីប្រាំត្រូវបានស្ថាបនារូច រាល់ និងបើកឱ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ ២០០៧ ។

មន្ទីរពេទ្យគន្ធបុប្ផាទីពីរត្រូវបានដាក់ សម្ពោធនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៩៦។ មន្ទីរពេទ្យត្រូវបានសាងសង់ឡើងដោយសារតម្រូវការចាំបាច់ដែលបង្កដោយចំនួនមនុស្សដ៏កកកុញនៅមន្ទីរពេទ្យគន្ធបុប្ផាទី១។ ទីតាំងមន្ទីរពេទ្យត្រូវបានសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់ ប្រោសព្រះរាជប្រទាន។ មន្ទីរពេទ្យព្រះ ជ័យវរ្ម័នទី៧ត្រូវសាងសង់ឡើងនៅក្នុងឆ្នាំ១៩៩៨លើទីតាំងដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាលកុមារជាងពាក់កណ្តាលលាននាក់ក្នុង១ឆ្នាំៗ និង ប្រហែលជាង១សែននាក់ដែលមានស្ថានភាពធ្ងន់ធ្ងរដោយពុំគិតកម្រៃអ្វីទាំងអស៕ ហេង សូរិយា

លោកវេជ្ជបណ្ឌិត Beat Richner

លោកវេជ្ជបណ្ឌិត Beat Richner

 


ចែករំលែក៖