ខេត្តស្ទឹងត្រែងៈ បុរសវ័យចំណាស់ម្នាក់ត្រូវបានជនមិនស្គាល់មុខ វាយសម្លាប់ប្លន់យកម៉ូតូឌ្រីមសង់ សេរី ឆ្នាំ២០០៧ មួយគ្រឿងបានសម្រេច ខណៈដែលជនរងគ្រោះកំពុងបង់សំណាញ់យកត្រីទុកធ្វើម្ហូប កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាព្រឹកម៉ោង៩ជាង នៅត្រង់ចំណុចស្រះទឹក ផ្លូវចូលទៅព្រលានយន្តហោះ ចម្ងាយពីរបីរយម៉ែត្រ ពីគល់ស្ពានស្រែពោធិ ភូមិស្រែពោធិ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ស្រ្តីម្នាក់ ឈ្មោះ កែវ ឈឹង មានអាយុ៤២ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះរស់នៅភូមិ ឃំុកើតហេតុខាងលើនិយាយឲ្យដឹងថា ប្តីរបស់គាត់ឈ្មោះ ដួង ច្រង់ អាយុ៤៨ឆ្នាំ មុនដំបូងប្តីរបស់គាត់បានប្រាប់ថា អញយកសំណាញ់ទៅបង់ត្រីនៅស្រះនៅខាងក្រោយផ្ទះហើយ ដោយយកម៉ូតូជិះចេញទៅផងនៅវេលាម៉ោង៩ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។ ប្រភពថា ម៉ូតូ ម៉ាកឌ្រីមសង់ សេរី ឆ្នាំ២០០៧ ពាក់ស្លាកលេខ ស្ទឹងត្រែង 2A 1042 លុះដល់ពេលបាយថ្ងៃត្រង់ គាត់ចាំបាត់ៗ មិនឃើញប្តីត្រឡប់មកផ្ទះវិញ គាត់ក៏បានប្រើកូនប្រុស ឲ្យទៅតាមរកនៅកន្លែងបង់សំណាញ់រកត្រីដូចរាល់ដងនោះ ។
ប្រភពបន្តថា នៅវេលាម៉ោងប្រមាណ១និង១៥នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ កូនរបស់គាត់បានទៅដល់ទីកន្លែងកើតហេតុនោះ តែរកមិនឃើញឪពុក និងម៉ូតូនោះឡើយ ។ លុះដើររកយូរៗ ក៏ប្រទះឃើញសាកសពឪពុករបស់ខ្លួនដេកស្លាប់នៅនឹងលើគំនរសំរាម ដែលភ្លើងកំពុងឆេះ នៅជិតមាត់ស្រះទឹកនោះផង ហើយភ្លើងបានឆេះដៃសពឪពុករបស់ខ្លួនបណ្តាលឲ្យពងស្បែករលាត់ ។ បន្ទាប់មកកូនរបស់គាត់ បានទូរស័ព្ទមកប្រាប់ គាត់ក៏បានប្តឹងបន្តទៅសមត្ថកិច្ចប៉ូលិស ហើយភ្លាមៗនោះផងដែរ កម្លាំងសមត្ថកិច្ចបានចុះមកត្រួតពិនិត្យដល់ទីកន្លែងកើតហេតុ រួចអនុញ្ញាតឲ្យក្រុមគ្រួសារយកសាកសពមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ប្រភពពីសមត្ថកិច្ចបានផ្តល់ព័ត៌មានជាបឋមថា ក្រោយពីបានសាកសួរគ្រួសារជនរងគ្រោះហើយ កម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង បានដឹកនាំកម្លាំងចុះស្រាវជ្រាវជាបន្ទាន់ ទើបឈានដល់កំណត់មុខសញ្ញាបីនាក់ នៅកន្លែងខុសគ្នា រួមនឹងវត្ថុតាងប្រព្រឹត្តដំបងឈើពីរដើម និងម៉ូតូជនរងគ្រោះ១គ្រឿង នៅវេលាម៉ោង៤រសៀល ថ្ងៃទី២៩ ខែមីនា ដោយក្នុងនោះពាក់ព័ន្ធម្ចាស់ផ្ទះម្នាក់ កំពុងសួរនាំបន្ត និងម្នាក់ទៀតជាជនដៃដល់បានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ដើម្បីយកមកដាក់ទោសទៅតាមនីតិវិធី៕ មាស សុផាត