ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរបួសនៅខណ្ឌចំការមនមិនទាន់ដឹងខ្លួនទេ

ចែករំលែក៖

ភ្នំពេញ៖ អ្នកបើកបររថយន្តកាមរីឆ្លាមដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់ស្រាលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅខណ្ឌចំការមននោះ រហូតមកដល់ពេលនេះនៅមិនទាន់ ដឹងខ្លួននៅឡើយទេ ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នេះបើតាមការឲ្យដឹងពីលោក ចេវ ហាក់ នាយការិយាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៣០មីនានេះ។

លោកចេវ ហាក់ បានបញ្ជាក់ប្រាប់កាសែតនគរវត្តឲ្យដឹងថា អ្នក បើកបង្កហេតុរូបនេះនៅមានសភាពធ្ងន់ធ្ងរបំផុតមិនទាន់ដឹងខ្លួននៅឡើយទេ។ លោកថា ជននេះអាចនឹងប្រឈមមុខបាត់បង់ជីវិត ហើយអ្នកមកកំដរឃើញមានខាងប្អូនថ្លៃ និងម្តាយមីងរបស់គេនៅកំដរជាប់ជាប្រចាំ។

ពាក់ព័ន្ធនិងពាក្យចចាមរាមថា ក្រុមគ្រួសារជនបង្កអ្នកបើកបររូបនេះនឹងស្នើសុំអាជ្ញាធរយកទៅព្យាបាលនៅវៀតណាមនោះ។ លោកចេវ ហាក បានឲ្យដឹងថា ខាងសមត្ថកិច្ចយើងមិនទាន់បានដឹងនោឡើយទេ។ លោកបន្ថែមថា បើចង់យកគាត់ចេញទៅព្យាបាលនៅក្រៅប្រទេសលុះត្រាតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន តែទោះបីជាយ៉ាងណាក៏ដោយខាងលោកមិនទាន់បានទទួលដំណឹងនេះនៅឡើយទេ។

លោកបន្តថា ចំពោះខាងជនរងគ្រោះដាក់ពាក្យបណ្តឹងទាមទារសំណងអ្វីនោះក៏យើងមិនទាន់ទទួលបាននៅឡើយដែរ តែសមត្ថកិច្ចយើងបានកសាងឯកសារគ្រប់គ្រាន់អស់ហើយ មិនចាំបាច់ដាក់ពាក្យបណ្តឹងអ្វីទេព្រោះថាគាត់បានបង្កគ្រោះថ្នាក់បែបនេះគឺវាមានបណ្តឹងអាជ្ញារួចហើយ។

ពាក់ព័ន្ធនិងការស្លាប់ជនបង្កជាអ្នកបើកបរវិញនោះ លោកចេវ ហាក់ បានពន្យល់ថា បញ្ហានេះវាជាឆន្ទានុសិទិ្ធរបស់ព្រះរាជអាជ្ញា។

លោកចេវ ហាក់ បាននិយាយដឹងពីមូលហេតុថា មុនពេលកើតហេតុយើងបានសិក្សាពីអង្គហេតុឃើញថាអ្នកបើកបរជាជនបង្កនឹងគាត់បានបើកប៉ះ ជាមួយរថយន្ត១គ្រឿងផ្សែងទៀតនៅម្តុំសាលាច្បាប់បឹងត្របែកហើយគាត់ភ័យខ្លាំងគាត់ព្យាយាមបើករត់គេចពីការទទួលខុសត្រូវរថយន្តដែលប៉ះដំបូង។ ចឹងគាត់បើកមកដល់ចំណុចកើតហេតុនឹងគាត់បើកចូលចំណែកផ្លូវខាងឆ្វេងក៏បុករះតែម្តង។

ជាមួយគ្នានេះផងដែរ លោកនាយការិយាល័យចរាចរណ៍ផ្លូវគោក ក៏បានធ្វើការអំពាវនាវផងដែរ ចំពោះករណីបង្កមហន្តរាយសូមឲ្យបងប្អូនពលរដ្ឋ ទាំងអស់ដែលមានការប៉ះពាល់គ្នាបន្តិចបន្តួចយើងត្រូវតែឈប់និយាយគ្នាទៅ។កុំបើកព្យាយាមបើករត់ វានិងបង្កគ្រោះថ្នាក់មហន្តរាយកាន់តែច្រើន។ ទី២/ ក៏សូមអំពាវនាវដល់ពលរដ្ឋទាំងអស់ផងដែរ កុំប្រើអំពើហឹង្សាព្រោះស្រុកយើងមានច្បាប់។ លោកបានបញ្ជាក់ថា ករណីបង្កគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់៦នាក់៕ តាឡឹម

tese

abc


ចែករំលែក៖