ខេត្តស្វាយរៀង៖ យុវជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧តាមពាក្យបណ្ដឹងរបស់ក្រុមនារីគ្រោះ ថាបានរំលោភលើកូនស្រីគាត់តែមិនបានសម្រេចនៅចុងភូមិតាសេកព្រៃក្តី ឃុំគគី ស្រុករមាសហែក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ មាស ថុន អាយុ២០ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃក្តី ឃុំគគី ស្រុករមាសហែក ។
រីឯនារីរងគ្រោះមានឈ្មោះ ទ.ទ. អាយុ១៨ឆ្នាំ ។
ប្រភពបន្តថា មុនពេលកើតហេតុនារីរងគ្រោះបានទៅលេងបុណ្យភូមិនៅខាងត្បូងផ្្ទះរបស់នាងចម្ងាយ២០០ម៉ែត្រ ស្ថិតក្នុងភូមិតាសេក ឃុំគគី ស្រុករមាសហែក ឯបុរសជាជនសង្ស័យ ក៏បានទៅចូលរួមរាំលេងដែរ ក្រោយចប់កម្មវិធីនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ នារីរងគ្រោះក៏បានដើរត្រឡប់មកផ្ទះវិញ ខណៈដើរដល់ពាក់កណ្ដាលផ្លូវ ក៏បានជួបនឹងបុរសជាជនសង្ស័យជិះម៉ូតូមួយគ្រឿងមកឈប់ពីក្រោយ ហើយបានហៅនាងឲ្យជិះជាមួយដោយធានាថា ជួនទៅផ្ទះមិនឲ្យចេញលុយចាក់សាំងនោះទេ ។
ប្រភពបន្តថា ក្រោយពីបានឡើងជិះម៉ូតូហើយ បុរសជាជនសង្ស័យបានដឹកនាងហួសផ្ទះ រហូតទៅដល់ចុងភូមិ កន្លែងស្ងាត់ជ្រងំគ្មានមនុស្ស ក៏បានឈប់ម៉ូតូ រួចនិយាយលួងលោម និងចាប់នាងផ្តូលទៅលើដី ព្រមទាំងថើប និងធ្វើសកម្មភាពបម្រុងរំលោភ តែពេលនោះនាងបានរើបម្រាស ហើយរត់ទៅផ្ទះរួចផុតពីក្រញាំបិសាចតណ្ហា ។
លុះនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ជនសង្ស័យ ត្រូវបានកំលាំងនគរបាលរដ្ឋបាលឃុំគគី សហការជាមួយកំលាំងអធិការស្រុករមាសហែក ឃាត់ខ្លួនក្រោយទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះ ។
តាមលោក គឹម ឡៃ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនជនសង្ស័យរួចមកភាគីខាងក្រុមគ្រួសារនារីរងគ្រោះបានទាមទារជំងឺចិត្ត៨លានរៀល ។
បច្ចប្បន្នជនសង្ស័យត្រូវបានការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កសាងសំណុំរឿងបញ្ជួនទៅសាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន