ភ្នំពេញ៖ ជនរងគ្រោះជាអ្នកវេរលុយវីង និងប្តូរប្រាក់ មួយកន្លែង យីហោ ស្រីពេជ្រ ត្រូវបានក្រុមចោរមានបក្ខពួក ៣នាក់ ធ្វើសកម្មភាពភ្ជង់ និងវាយប្លន់យកប្រាក់អស់ជិត២ម៉ឺនដុល្លារ និងម៉ូតូ មួយគ្រឿង បន្ទាប់ពីជនរងគ្រោះត្រឡប់មកពីផ្សារមកដល់មុខផ្ទះ ក៏ត្រូវក្រុមប្លន់យកទៅបាត់ដោយសុវត្ថិភាពដោយមិនរំខានដល់សមត្ថកិច្ចណាម្នាក់នោះឡើយ ។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះលេខ B09 ផ្លូវបេតុង លេខ១០៥ ក្រុម២ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានរាយការណ៍ថា ជនរងគ្រោះមានឈ្មោះ តឹក វ៉ា ភេទប្រុស អាយុជិត ៦០ឆ្នាំ មានមុខរបរ ប្តូរលុយប្រាក់ និងវេរលុយវីងនៅផ្សារឯកជន ហាក់ ស្រ៊ាង ឡាក់គី ទួលសង្កែ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ។
ប្រភពបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីផ្សារប្តូរលុយ និងវីងនៅផ្សារខាងលើ ដោយជិះម៉ូតូ មួយគ្រឿង ម៉ាក វ៉េវ អី ២នាក់កូនស្រីឈ្មោះ ស្រីពេជ្រ មានអាយុជាង ២០ឆ្នាំ ខណៈមកដល់មុខផ្ទះរបស់ខ្លួន ក៏មានជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក ប្រដាប់ដោយកាំភ្លើងខ្លី មួយដើមមិនស្គាល់ម៉ាកមកភ្ជង់ នឹងគ្រៀក ក វាយជនរងគ្រោះជាច្រើនដៃ បណ្តើមយកកាបូបលុយ និងម៉ូតូ មួយគ្រឿងរបស់ជនរងគ្រោះឡើងជិះគេចខ្លួនបាត់ស្រមោល ដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។
ប្រភពបានរាយការណ៍បន្ថែមថា ទ្រព្យសម្បត្តិដែលបាត់បង់នោះរួមមាន ប្រាក់ដុល្លារ និងប្រាក់រៀលសរុបចំនួនជាង១ម៉ឺនដុល្លារ ម៉ូតូ វ៉េវអី មួយគ្រឿង ទូរស័ព្ទដៃមួយចំនួន និងឯកសារមួយចំនួនទៀត ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះទៅទីតាំងកើតហេតុហើយសមត្ថកិច្ចបានតែកំណត់ធ្វើហេតុប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានសង្កេតឃើញថា នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកនេះ បទល្មើសប្លន់ជនរងគ្រោះតាមដងផ្លូវ ក៏ដូចជាប្លន់ដល់មុខផ្ទះ ចាប់ផ្តើមកើតកក្រើកឡើងវិញ មុនចូលឆ្នាំទៀតហើយ ។
ប្រជាពលរដ្ឋនៅក្នុងខណ្ឌឫស្សីកែវ បានកោតសរសើដល់លោកអធិការ ទៀង ច័ន្ទសារ ក្នុងករណីបង្ក្រាបគ្រឿងញៀនកំបិុកកំប៉ុកក្នុងមូលដ្ឋានបានយ៉ាងច្រើនករណីទាំងអ្នកជក់ អ្នកចែកចាយ ផ្ទុយទៅវិញ ចំពោះករណីប្លន់ ជាក់ស្តែងករណីខាងលើនេះ បានត្រឹមត្រូវបញ្ជូនមន្ត្រីចុះមកធ្វើបាយការណ៍តែប៉ុណ្ណោះ៕ អារុណរះ