ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ពីបាន យកឧបករណ៍ឆក់ត្រី ចូលទៅធ្វើសកម្មភាពឆក់ត្រី ក្នុងបឹងមួយកន្លែង ។
ករណីបង្ក្រាបមុខសញ្ញាឆក់ត្រីខាងលើនេះ ធ្វើឡើងនៅចំណុចបឹងឫស្សីបាក់មែក ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីវេលារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ហួរ អាយុ៤១ឆ្នាំ មានទីលំនៅក្នុងភូមិទួល ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ១គ្រឿង អាគុយ៤០អំពែ១គ្រឿង ក្បាលអាំងវិចទ័រ១គ្រឿង ដងឆក់១គូ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានទទួលព័ត៌មានថា មានមនុស្សបានចូលធ្វើសកម្មភាពឆក់ត្រីជារៀងរាល់ថ្ងៃនៅចំណុចបឹងខាងលើនេះ ភ្លាមៗនោះកំលាំងសមត្ថកិច្ចចម្រុះបានចុះឃ្លាំមើល ក៍បានឃើញជនសង្ស័យចូលធ្វើសកម្មភាពឆក់ត្រីជាក់ស្តែង ហើយកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យតែម្តង ។
ជនសង្ស័យត្រូវបាសមត្ថកិច្ចកសាងសំណុំរឿងនាំខ្លួនបញ្ជូនមកផ្នែករដ្ឋបាលជលផលដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ថា