ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀតពេញទំហឹងកាលពីវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសរងគ្រោះឈ្មោះគីង គក់ អាយុ៤៥ឆ្នាំ មុខរបរសុំទាន គ្មានប្រពន្ធ កូន ស្នាក់នៅក្នុងវត្តគោកបញ្ជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA 0044 ជិះដោយបុរស២នាក់យ៉ាយលឿន ទិសដៅពីកើតទៅលិច បញ្ច្រាសទិសចរាចរណ៍ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បត់ស្តាំ ខណៈនោះមានម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1G 7678 ជិះពីលិចទៅកើត ដោយបុរសម្នាក់ក្នុងល្បឿនមធ្យមជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូខាងលើចំកំណាត់ក្រោយពេញទំហឹង ។
ក្រោយមក អ្នកឌុបជនរងគ្រោះបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចរាចរណ៍បានមកវាស់វែង និងយកម៉ូតូមួយគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ