ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឈឺក្បាលនឹងគ្រួសារមួយបង្កទំនាស់ក្នុងគ្រួសារ ហើយរត់ទៅប្តឹងនគរបាលមិនឈប់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់បានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលប៉ុស្ដិ៍ចោមចៅជួយចាត់ការប្ដីរបស់ខ្លួនទៅតាមច្បាប់ ដោយនាងបានចោទ ប្រកាន់បុរសជាប្ដីនោះថា បានប្រើអំពើហិង្សាវាយធ្វើបាបនាងជា ញឹកញាប់ ហើយកន្លង មកគ្រាន់តែទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍ចោមចៅរាប់ដងមិនអស់ទៅហើយ ប៉ុន្តែអ្វីដែលនាងទៅដាក់ពាក្យ បណ្ដឹងជាចុងក្រោយទៀតនេះ គឺនៅពេលដឹងថា នាងប្ដឹង ពីការប្រើហិង្សា ស្រាប់តែប្ដីជើងល្អម្នាក់នោះ លួចយក ទ្រព្យសម្បត្តិ លុយកាក់ និងគ្រឿងអលង្ការមាស ដែលនាងមានទាំងប៉ុន្មាន រួចគេចខ្លួនបាត់ស្រមោលតែម្ដង ។

ស្រ្តីខាងលើបានទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៣និង១៥នាទី រសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ដើម្បីឲ្យនគរបាលជួយអន្តរាគមន៏ចាប់ខ្លួនប្ដីម្នាក់នោះចាត់ការតាមផ្លូវច្បាប់។ស្រ្តីខាងលើនោះ ឈ្មោះម៉េង សុខឃាង អាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ មានទីលំនៅក្នុងភូមិ ព្រៃសណ្ដែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកប្ដីកំណាចឈ្មោះយឿន សំអឿន អាយុ៣៦ ឆ្នាំស្នាក់នៅជាមួយគ្នាក្នុងភូមិខាងលើ ។

ស្រ្តីរូបនោះបានរៀបរាប់ប្រាប់នគរបាលថា ប្ដីរបស់នាងបានរករឿងប្រើហិង្សា វាយធ្វើបាបនាងជាបន្តបន្ទាប់ គ្មានមូលហេតុ ហើយកាលពីថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ ខណៈពេលដែលនាងចេញទៅធ្វើការបាត់ លោក ប្ដីម្នាក់នោះបានរើកកាយ លួចយកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ព្រមទាំងលុយចំនួន៧០០ដុល្លារ និងគ្រឿង អលង្ការមាសចំនួនជាង២តម្លឹង បន្ទាប់មកបានគេចខ្លួនទៅបាត់ស្រមោល ។ ដោយសារតែបែបនេះហើយ ទើបនាងមិនអាចអត់ឱនឲ្យបានឡើយ និងបានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង សុំឲ្យនគរបានប៉ុស្ដិ៍ចោមចៅ ជួយអន្តរាគមន៏ស្វែងរកចាប់ខ្លួនប្ដីនាងចាត់ការតាមច្បាប់ ។

នគរបាលបាននិយាយថា ប្ដីប្រពន្ធមួយគូខាងលើនោះ បានឈ្លោះប្រកែកគ្នា និងឈានដល់ប្ដីប្រើហិង្សាវាយ ធ្វើបាបប្រពន្ធជាបន្តបន្ទាប់ ហើយគ្រាន់តែទៅដាក់ពាក្យបណ្ដឹងដោះស្រាយគ្នា រឿងហិង្សានោះ៣ទៅ៤ដង មកហើយ គឺមានរឿងរកាំរកូសមិនឈប់ឈរឡើយ រហូតអ្នកភូមិលាន់មាត់គ្រប់គ្នាថា ចុះគ្រួសារមួយនឹង ហេតុម៉េចបានចេះតែឈ្លោះប្រកែកគ្នា និងវាយដំច្រំធាក់គ្នារហូតបែបនេះ?។ ចំណែកនគរបាលក៏បានឈឺក្បាល ជាមួយនិងពួកគាត់មិនតិចដែរ ព្រោះតែងាកប្ដឹងៗរហូតយ៉ាងនេះ ហើយពេលចុងក្រោយនេះ បន្ទាប់ពីដឹងថា ស្រ្តីជាប្រពន្ធប្ដឹង ហើយនគរបាលមិនទាន់បានហៅប្តីឲ្យចូលខ្លួនដោះស្រាយគ្នាផង ស្រាប់តែបុរសជាប្ដីនោះ បានរើកកាយលួចយកទ្រព្យសម្បត្តិខាងលើ ខណៈពេលដែលប្រពន្ធចេញទៅធ្វើការបាត់។ លុះត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែបាត់ទាំងប្ដី និងទ្រព្យសម្បត្តិទើបស្រីនេះធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងជាថ្មីម្ដងទៀត សុំឲ្យជួយចាត់ការលើប្ដីនោះតាមច្បាប់ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖