ភ្នំពេញ ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយនៅក្នុងស្ថានីយប្រេងឥន្ធនៈយីហោ «លីម ឡុង»LIMLONG ដោយសារតែក្រុមគ្រួសារម្ចាស់ស្ថានីយប្រេងខាងលើ មិនព្រមសហការផ្តល់ព័ត៌មាន ពាក់ព័ន្ធលើករណីថៅកែខាងលើស្លាប់នៅក្នុងស្ថានីយប្រេងរបស់ខ្លួន ហើយខណៈពេលក្រុមអ្នកសារព័ត៌មាន៣ទៅ៤ស្ថាប័នទៅថតរូបយកព័ត៌មាន ស្រាប់តែត្រូវប្រឈមជាមួយក្រុមគ្រួសារសពជាង១០នាក់ ។
ក្នុងនោះក៏មានបុរសម្នាក់សង្ស័យជាសមាជិកគ្រួសារអ្នកស្លាប់ និងជាទីប្រឹក្សាអ្នកធំម្នាក់មកចាប់បោកចោល ប្រើហិង្សាលើទូរស័ព្ទកម្ទេចចោល និងចាប់ក្របួចកអាវប្រុងវាយលើក្រុមអ្នកសារព័ត៌មានទៀតផង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង០៩ និង៣០ព្រឹកថ្ងៃទី៣០ ខែមីនា ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពឱ្យដឹងថា បុរសដែលស្លប់ខាងលើនោះឈ្មោះ ឈ្មោះ ហៃ ឈុន ហេង អាយុជាង៥០ឆ្នាំ ជាថៅកែ ស្ថានីយប្រេងនោះស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ដោយឡែក បុរសដែលបានដឹកនាំមនុស្ស ១០នាក់ទៀត ក្នុងការប្រើហិង្សា លើក្រុមអ្នកកាសែតនោះ មិនត្រូវបានស្គាល់ឈ្មោះទេ មានអាយុប្រហែលជាង៥០ឆ្នាំបានខឹងសម្បារយ៉ាងខ្លាំង ពេលឃើញអ្នកព័ត៌មាននោះទៅថតហើយនិយាយថា ពួកឯងថតគ្មានការអនុញ្ញាតពីម្ចាស់ផ្ទះ។ បុរសនោះ បានចាប់ទាញកាមរ៉ាមិនឱ្យថត និងបានបោកចោលទៀត ដោយពាក្យជេរប្រមាថ និងគំរាមទៀតផង ។ មិនតែប៉ុណ្ណោះ បុរសនេះបាននិយាយទៀតថា «អត់ស្គាល់អញ ជាអ្នកណាទេ?» ។ ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ ត្រូវបានអ្នកយកព័ត៌មានដកថយ ហើយក៏មិនដឹងពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះដែរ ក្នុងនោះគេឃើញនៅកន្លែងកើតហេតុ មានខាងប៉ូលិសបច្ចេកទេស និងប៉ូលិសប៉ុស្តិ៍ចោមចៅ កំពុងស្ថិតនៅកន្លែងកើតហេតុហើយ ។
អ្នកសារព័ត៌មានដែលទទួលអំពើហិង្សានោះម្នាក់ត្រូវទទួលរងការចាប់ក្របួចកអាវ និងបោកទូរស័ព្ទ ចោលខ្ទេចខ្ទីរនោះ ឈ្មោះ តាំង ចាន់តូ អាយុជាង៣០ឆ្នាំ ហើយលោកបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរ បាល ចោមចៅឲ្យជួយរកយុត្តិធម៌ ហើយក៏បានទាមទារសំណងជំងឺចិត្តចំនួន២០០០ដុល្លារអាមេរិក។ ចំណែក ឯភ្នាក់ងារ ភ្នាក់ងារសារព័ត៌មាន freshnews បានសុំមិនឲ្យបញ្ចេញឈ្មោះរបស់លោកឡើយ លោកក៏ត្រូវ បានក្រុមគ្រួសាររបស់សពតាមរករឿងចាប់ក្របួចកអាវប្រុងវាយ និងដណ្ដើមយកទូរស័ព្ទពីដៃដែរ ប៉ុន្តែអ្នក សារព័ត៌មានរូបនោះមិនព្រមឲ្យជាដាច់ខាត។ ដោយឡែកភ្នាក់ងារស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ CTV8 ក៏ត្រូវពួកនោះចាប់ដកយកទូរស័ព្ទលុបរូបភាពចោលដែរ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងក្រោយមកសមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ