ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់ក្នុងលក្ខណៈហើបទៅហើយ កាលពីព្រឹកម៉ោង៦និង១៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចសង្ស័យថា ជាករណីឆក់ត្រី ហើយឆ្លងចរន្តភ្លើងឆក់ខ្លួនឯងស្លាប់ ។
លោក យូ សំអឿន ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ លោកបានទៅមើលបំណាំដូចជាត្រកួននៅចំណុចស្រះទឹកមួយកន្លែង ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្បែរមាត់ស្រះទឹកនោះ ទើបមានការភ្ញាក់ផ្អើល ហើយរាយការណ៍សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សាកសពមានលក្ខណៈហើមបន្តិចទៅហើយ ហើយនៅជិតសាកសពមានឧបករណ៍ឆក់ត្រី ដែលនេះ សមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូងថា បុរសរងគ្រោះបាត់បង់ជីវីតសង្ស័យបណ្តាលមកឆក់ត្រី ហើយភ្លាតស្នៀតឆក់ខ្លួនឯងស្លាប់ ។
បុរសរងគ្រោះត្រូវបានស្គាល់ឈ្មោះ ជា ចាន់ធឿន អាយុ៣២ឆ្នាំ មុខរបរជាកម្មករថែសួននៅក្រែនភ្នំពេញ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពពីកន្លែងកើតហេតុអះអាងថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ បុរសរងគ្រោះបានប្រដាប់ដោយឧបករណ៍ឆក់ត្រី ចេញពីផ្ទះរបស់ខ្លួន ប្រាប់ប្រពន្ធថាមកឆក់ត្រី ហើយក៏បាត់ឈឹងរហូតតែម្តង ប្រពន្ធ និងសាច់ញាតិដើររក នៅតែរកមិនឃើញ ហើយទើបតែប្រទះឃើញនៅពេលនេះ ៕ តុង សីហា