ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាគ្រូបង្ក្រៀនស្លាប់ក្រោមផ្លែកំបិតក្រោយឈ្លោះជាមួយប្រពន្ធហើយប្រតាយប្រតប់គ្នា

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសជាគ្រូបង្រៀនម្នាក់បានរងរបួសធ្ងន់ និងបានបាត់បង់ជីវិត បន្ទាប់ពីមានទំនាស់ក្នុងគ្រួសារ ហើយកាន់កាំបិតមកជន្លគំរាមប្រពន្ធ ហើយអកុសលបណ្តាលឲ្យបុរសជាប្តីដួលអុកគូថទៅចំលើផ្លែកំបិត ខណៈមានការប្រតាយប្រតបគ្នានោះ ។ ទោះយ៉ាងណា ករណីនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់ហ៊ានសន្និដ្ឋានបែបណានៅឡើយទេ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា អំពើហុង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ តាផ្លឺន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះជាប្ដីឈ្មោះ យ៉ុន ប៊ុនថា បុខរបរជាគ្រូបង្រៀន ក្រោយពីបានមុតនឹងកាំបិតបន្ទោះចំគូទ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយរបួសធ្ងន់ពេក ជនរងគ្រោះបានស្លាប់នៅយប់ថ្ងៃដដែល ។

ប្រភពបន្តថា រីឯប្រពន្ធឈ្មោះ ឆ្មិច ណាងកិ អាយុ២២ឆ្នាំ ជនជាតិគ្រឹង កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលសង្កាត់កាចាញ។ ស្ត្រីរូបនេះបានប្រាប់សមត្ថកិច្ចជំហានដំបូងថា គាត់ និងប្តីបានមានជម្លោះនឹងគ្នា។ ក្នុងជម្លោះនោះ ប្តីគាត់បានកាន់កាំបិទបន្ទោះ យកមកគំរាមសម្លាប់ តែនៅពេលមានការប្រតាយប្រតប់គ្នានោះ កាំបិតនោះបានធ្លាក់ចូលកៀបក្នុងប្រហោងរនាបបន្ទះឫស្សី (ផ្លែកាំបិតឡើងលើ ដងធ្លាក់ចុះក្រោម) ប្តីគាត់បានដួលអុកគូទលើកាំបិតនោះ ក្រោយមានការរុញច្រានគ្នាទៅវិញទៅមកបណ្តាលឲ្យរងរបួស ។

ទោះយ៉ាងណា ការលើកឡើងរបស់ស្ត្រីខាងលើនេះ សមត្ថកិច្ចនាយការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្ត គឺលោក យឹម សារ៉េត តាមរយៈការធ្វើកោសល្យវិច័យនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ បានសន្និដ្ឋានថា សពជនរងង្គ្រោះ ស្លាប់ដោយសារកាំបិតបុកចំគូទ ក៏ប៉ុន្តែករណីបាត់បង់ជីវិតនេះ មិនទាន់ដឹងថា មានចេតនា ឬអចេតនានោះទេ ពីព្រោះករណីនេះ អាស្រ័យលើការស៊ើបអង្កេត របស់មន្ត្រីជំនាញជាបន្ត។

នៅរសៀលថ្ងៃទី៣០ ខែមីនា ក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រនគរបាលខេត្ត សហការជាមួយនគរបាលក្រុងបានលុង និងនគរបាលសង្កាត់កាចាញបន្តធ្វើកោសល្យវិច័យនៅផ្ទះជនរងគ្រោះ កន្លែងកើតហេតុ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃទី៣០ ខែមីនា គេនៅមិនទាន់អាចបញ្ជាក់ការពិតយ៉ាងណានោះទេ ៕ ថាច់ យ៉ាត

3 1 2


ចែករំលែក៖