ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាចោរឆក់ខ្សែក ត្រូវបានប្រជាពលរដ្ឋនាំគ្នាដេញតាមក្របួចជាប់ និងវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យរងរបួសធ្ងន់ ហើយភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ ខណ្ឌឫស្សីកែវ កំពុងតែល្បាតនៅក្បែរនោះជួយអន្តរគមន៍ចាប់ ប្រគល់ឲ្យនគរបាលខណ្ឌទួលគោកចាត់ការតាមនីតិវិធី ។
ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នៅចំនុចផ្លូវ៥២៨កែង២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរងគ្រោះបានជិះម៉ូតូម៉ាកស្កុបពីមីនី (កូនទា)ម្នាក់ឯងចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវលេខ៥២៨ក្នុងទិសដៅពីត្បូងទៅជើង លុះជិមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលិចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុីគីស្មាសវី ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BT-5004 បានធ្វើសកម្មភាពឆក់ខ្សែករនារីជនរងគ្រោះបានសម្រេចហើយ ក៏ព្យាយាមជិះរត់គេចខ្លួន ភ្លាមនោះ ប្រជាពលរដ្ឋដែលកំពុងតែធ្វើ ដំណើរតាមដងផ្លូវឃើញ រួមនិងកម្លាំងនគរបាលល្បាតប៉ុស្តិ៍ទួលសង្កែ ខណ្ឌឬស្សីកែវ បាននាំគ្នាដេញតាមចាប់ប្រផាត់ប្រភីងរហូតឈានក្របួចជាប់នៅចំណុច មុខ៣ស្ថាបណ្ណ័នផ្លូវលំសង្កាត់ទួលសង្កែ ដោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ព្រមទាំងវត្ថតាង(ខ្សែកររបស់ជនរងគ្រោះ)ម៉ូតូ និង ជនសង្ស័យ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះទី១ឈ្មោះ សួន រ៉ាស៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងដែក ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាអ្នកធ្វើសកម្មភាពឆក់ខ្សែករ និងទី២ឈ្មោះហាំ ចាន់រតនា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសុីគីស្មាសវី ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BT-5004 ។រីឯនារីរងគ្រោះឈ្មោះព្រាប ឈុំដាវសុគន្ធ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជះម៉ូតូម៉ាកស្កុបពីមីនី ពណ៍ខៀវ ពាក់ស្លាកលេខភ្នំពេញ1CE-3874 ។
ក្រោយកើតហេតុនគរបាលខណ្ឌឬស្សីកែវ បានប្រគល់ជនសង្ស័យ វត្ថុតាងនិងជនរងគ្រោះឲ្យទៅនគរបាលខណ្ឌទួលគោកដើម្បី បន្តអនុរត្តន៍តាមនីតិវិធី ៕ ស តារា