ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ បានរងរបួស ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកជាមួយម៉ូតូ ស្របទិសគ្នាពេញទំហឹង ហើយអ្នកបើករថយន្តជិះគេចខ្លួនភ្លាមៗ កាលពីវេលាម៉ោង៦និង៣៥នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១២១-១២២ ស្ថិតក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ប្ដីប្រពន្ធរងគ្រោះមានឈ្មោះ មុន្នី រត្ន័ អាយុ៣២ឆ្នាំ មុខរបរមន្ត្រីពន្ធនាគារ និងឈ្មោះ ដូង សារឿន អាយុ២៥ឆ្នាំ មុខរបរជានិស្សិត មានទីលំនៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខណះជិះម៉ូតូម៉ាកហុងដា វេវ ពណ៌ក្រហម អត់ស្លាកលេខ ខូចខាតយ៉ាងដំណំ ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះ ក្រោយកើតហេតុបានបើករថយន្តគេចខ្លួនទៅទិសខាងកើតបាត់ស្រមោល។
តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានប្រុស ស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក វេវពណ៌ក្រហម អត់ស្លាកលេខ ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរស្របគ្នា ក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបណ្ដាលឲ្យអ្នកជិះម៉ូតូដួលច្រងាប់ច្រងឹលទាំង២នាក់ បន្ទាប់មកអ្នកបើករថយន្តជិះគេចខ្លួនភ្លាមៗ ។
ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដឹកប្ដីប្រពន្ធទៅកាន់មន្ទីរពេទ្យខេត្ត និងរាយការតាមវិទ្យុទាក់ទងគ្រប់គោលដៃដើម្បីស្វែងរករថយន្តបង្កផងដែរ ៕ យឹម សុថាន