ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេលជាង២០ឆ្នាំ អាមេរិកផ្តល់ថវិកាជាង១២០លានដុល្លារ ដើម្បីបោសសម្អាតចំការមីននិងគ្រាប់មីន មិនទាន់ផ្ទុះនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានចំណាយថវិកាជាង ១២០ដុល្លារអាមេរិក ដើម្បីបោសសម្អាតចំការមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់គ្រាប់មីន និងជួយពង្រឹងសមត្ថភាពនៅថ្នាក់ជាតិនៅកម្ពុជា។

ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេលមួយថ្ងៃពេញនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន (ស៊ីម៉ាក់) ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៧កន្លងទៅ លោក វីលៀម ហេត (William A. Heidt) ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់ដល់ក្រុមអ្នកសារព័តមានក្នុងសន្និសីទកាសែតថា ក្នុង រយៈពេលត្រឹមតែ ២០ឆ្នាំប៉ុណ្ណោះ កម្ពុជាបានក្លាយទៅជាអ្នកនាំមុខក្នុងការខិតខំប្រឹងប្រែងរាវអន្តរជាតិ។

លោកលើកឡើងបន្តថា ស្ទើរតែគ្រាប់មីនទាំងអស់នៅកម្ពុជាផលិតមកពីប្រទេសផ្សេងៗ មានខ្លះពីស្រុក ចិន ពីវៀតណាម ពីសហភាពសូវៀត និងអាមេរិកដែរ។ ញ្ចឹងហើយអ្នករកមីនទទួលការឧបត្ថម្ភពីអាមេរិក បើទោះបីជាមានរកឃើញពីការផលិតគ្រាប់មីនពីប្រទេសណាឡើយ ក៏ពួកគេធ្វើការសម្អាតទាំងអស់។

លោកឯកអគ្គរដ្ឋទូត បញ្ជាក់ទៀតថា រដ្ឋាភិបាលអាមេរិកគាំទ្រយ៉ាងមុតមាំគោលដៅរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្អាតគ្រាប់មីនទាំងអស់នៅមុនឆ្នាំ២០២៥។ ឯកឧត្តមសង្កត់ធ្ងន់ថា ដើម្បីសម្រេចគោល-ដៅនោះទាមទារឲ្យយើងមានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាល និងដៃគូទាំងអស់។

លោកហេង រតនា ប្រតិភូអមរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលដកម្មភាពកំចាត់ មីនកម្ពុជា មានប្រសាសន៍ថា ដោយសារតែកម្ពុជាមានសង្រ្គាមរយៈពេលវែង ៣៥ឆ្នាំ យុទ្ធភណ្ឌមិនទាន់ផ្ទុះ មកពីបណ្តាប្រទេសជាច្រើនក្នុងសកលលោកដូចជា វៀតណាម ប៉ូឡូញ រស្ស៊ី សឹង្ហបុរី ប៊ែលហ្សិកជាដើម។ ដែលបណ្តាលគ្រាប់មីនទាំងអស់បានគំរាមកំហែងដល់ប្រជាពលរដ្ឋកម្ពុជា។

លោកបន្តថា រយៈពេល ២០ឆ្នាំនេះ ក្រុមការងារបានរុករកកម្ទេចគ្រាប់មីនជិត ៤លានគ្រាប់ រំដោះផ្ទៃដីបានជាង ១.៥០០គីឡូម៉ែត្រ ក្រឡា និងបានកាតបន្ថយការគ្រោះថ្នាក់ពីជាង ៤.០០០ករណី ឆ្នាំ១៩៩៦ មកជិត ២.០០០ករណី ឆ្នាំ១៩៩៩។ ដោយឡែកឆ្នាំ២០១៦កន្លងទៅ ករណីនេះមានមិនដល់ ១០០ករណីទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម ការងារនឹងខិតខំប្រឹងប្រែងយ៉ាងណាកាត់បន្ថយឲ្យអស់សូម្បី ០១ករណី ដែលមិនចង់ឲ្យមានទេលើប្រជា- ពលរដ្ឋរងគ្រោះស្លាប់ និងរបួសដោយសារគ្រាប់មីន។

លោកហេង រតនា បាបញ្ជាក់បន្ថែមថា ក្នុងកិច្ចការងារបោសសម្អាតចំការមីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្នុងមួយឆ្នាំកម្ពុជាត្រូវការថវិកាប្រមាណជាង ៤០លានដុល្លារ សម្រាប់ផែនការប្រមាណជាង ១២០ ទៅ ១៥០គីឡូម៉ែត្រក្រឡារំដោះផ្ទៃដី ៕ ស តារា

image1 image2 image3 image4 image5 image6 image7 image8 image9 image9


ចែករំលែក៖