ខេត្តស្វាយរៀង៖ កាលពីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៧ លោកឧកញ៉ា ម៉ឹល សារឿន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ, លោក ឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកស្រី រួមជាមួយ លោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌល នាឡិកាស្វីស និងជប៉ុន បាននាំយកអំណោយ ឯកសណ្ឋាន សម្ភារៈប្រើប្រាស់ និង សម្ភារសិក្សាមួយចំនួន ទៅចែកជូនប្រជាការពារភូមិ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និង ប្រជាពលរដ្ឋ នៅឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
លោក ហែម នួន នាយកសាលាបឋមសិក្សា ជ្រុងពពេល ក្នុងនាមសិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងឃុំជ្រុងពពេល បានថ្លែងអំណរគុណដល់ លោកឧកញ៉ា ម៉ឹល សារឿន និង លោកស្រី ព្រមទាំងសប្បុរសជន១ចំនួនទៀត ដែលបានលះបង់ទ្រព្យធនផ្ទាល់ ខ្លួន ដើម្បី ចែករំលែកដល់ក្មួយៗ សិស្សានុសិស្ស នៅសាលាទាំង២ ក្នុងន័យជួយសម្រាលដល់ទុកលំបាក ខ្វះខាតរបស់ពួកគាត់ និងជាការលើកទឹកចិត្តដល់សិស្សានុសិស្សនៅទីនោះ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនចំណេះដើម្បីឲ្យពួកគេក្លាយខ្លួនជាធនធានមនុស្សសម្រាប់ចូលរួម អភិវឌ្ឍសង្គមជាតិ ។
ថ្លែងសំណេះសំណាល នៅក្នុងវត្ដភូមិក្រូច នាឱកាសនោះ លោកឧកញ៉ាម៉ឹល សារឿនបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រមុខដឹកនាំ បានខិតខំប្រឹងប្រែង ស្វែងរកនូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ ។ សន្ដិភាពនេះ មានសារៈសំខាន់ណាស់សម្រាប់ ប្រទេសជាតិ និងប្រជាពលរដ្ឋ ដោយសារតែសុខសន្ដិភាពនេះហើយ ទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋមានឱកាសប្រកបរបររកស៊ី មានជីវភាពធូរធា ។
លោក ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែងបានមានប្រសាសន៍ថា ប្រជាការពារភូមិ ជាកម្លាំងមួយដ៏មានសារសំខាន់ណាស់ ក្នុងការចូលរួមទប់ស្កាត់នូវការចរាចរគ្រឿងញៀន ក្នុង ភូមិ ឃុំរបស់ខ្លួន ដោយសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ស្របពេល ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទ្រុង់ទា្រយធំទូទាំងប្រទេស ដូច្នេះសូមបងប្អូនកូនក្មួយទាំងអស់ ចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីធ្វើឲ្យភូមិ ឃុំ មានសុវត្ថិភាព រស់នៅប្រកបដោយភាពសុខសាន្ដ ។
បន្ទាប់មក លោកឧកញ៉ា លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជនដទៃទៀត បានចូលរួមក្នុងពិធីសូត្រមន្ដបង្សុកូល វេរចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តភូមិក្រូច ទៅតាមទំនៀមទម្លាប់ប្រពៃណី ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកាទាំង៧សណ្ដាន ដែលបានចែកស្ថានទៅសូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា អំណោយដែលត្រូវ ចែកជូននៅពេលនោះ សម្រាប់ប្រជាការពារចំនួន ៤៥នាក់ក្នុងម្នាក់ ទទួលបានឯកសណ្ឋានប្រជាការពារ១ កំប្លេ ។ សិស្សានុសិស្ស ចំនួន៤១៧នាក់ មកពីសាលា បឋមសិក្សាហ៊ុនសែន ភូមិក្រូច និងសាលាបឋមសិក្សាជ្រុងពពេល ក្នុង ម្នាក់ទទួលបានសៀវភៅ២ក្បាល ប៊ិច ២ដើម និង សាប៊ូ ១ដុំ។ ចំណែក លោកគ្រូអ្នកគ្រូ ចំនួន២១នាក់ ក្នុងម្នាក់ទទួលបាន ក្រមា១សារ៉ុង១ សាប៊ូ២ដុំ ព្រមទាំងសម្ភារៈសិក្សា១ចំនួន។
រីឯមេភូមិទាំង៧ សមាជិកក្រុមប្រឹក្សាឃុំពពេល ប្រជាពល រដ្ឋដែលបាន ចូលរួម និង កម្លាំងនបាលការពារសន្តិសុខ ក្នុងពិធី ក៏ទទួលបានអំណោយក្រម៉ា សារ៉ុង និង សាប៊ូ ពីលោកឧកញ៉ា និងលោកស្រីផងដែរ ៕ សុភា