ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសព័ត៌មាន៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិប្រកាសការរួមចំណែកថ្មីមួយដើម្បីជួយអភិរក្សឯកសារប្រវត្តិសាស្ត្ររបស់កម្ពុជា

ចែករំលែក៖

រដ្ឋាភិបាលអាមេរិកបានប្រកាសថវិកា ៥,៨លានដុល្លាជាទាយជ្ជទានគាំទ្របន្ថែមទៀតដល់មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ដែលនឹងបង្កើននិរន្តរភាពនិងកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នមួយនេះក្នុងការលើកកម្ពស់សន្តិភាពនិងការផ្សះផ្សាជាតិតាមរយះការអភិរក្សកំណត់ត្រាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងសម័យខ្មែរក្រហម។

ចាប់តាំងពីទាយជ្ជទាននេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្តល់ថវិកាសរុប ៩,៨លានដុល្លាដល់ DC-Cam ។រដ្ឋាភិបាលអាមេរិកនិង DC-Cam កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការចងចាំការផ្សះផ្សានិងការជាសះស្បើយនៅក្នុងប្រទេសកម្ពុជា។

លោកស្រី Polly Dunfordនាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID បានមានប្រសាសន៍ថា៖ «ការរួមចំណែកទាយជ្ជទាននៅថ្ងៃនេះរួមជាមួយនឹងការឧបត្ថម្ភរបស់ USAID កន្លងមកនឹងផ្តល់គ្រឹះហរិញ្ញវត្ថុសំរាប់ដំណើរការរបស់ DC-Cam ក្នុងរយះពេល២០ឆ្នាំ ទៀត។ យើងមានមោទនភាពក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ DC-Cam ដើម្បីបង្កើតអនាគតត្រចេះត្រចង់ប្រសើរមួយតាមរយះការបង្រៀនយុវជនវ័យក្មេងអំពីគុណតម្លៃនៃការសិក្សាប្រវត្តិសាស្ត្រការអភិរក្សវប្បធម៌របស់ពួកគេការលើកតម្កើងនិងការការពារសិទ្ធិមនុស្ស» ។

DC-Cam ស្វែងរកការកសាងសង្គមដែលមានសន្តិភាពប្រសើរជាងមុនតាមរយះការស្រាវជ្រាវនិងការអប់រំអំពើប្រល័យពូជសាសន៍។ ដោយតម្កល់ជាឯកសារនូវការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងក្នុងសម័យខ្មែរក្រហម DC-Cam បានដើរតួយ៉ាងសំខាន់ក្នុងការជួយប្រជាជនកម្ពុជាទទួលយកបន្តិចម្តងនូវការរងទុក្ខលំបាកជាច្រើនលើសលប់ តាមរយះការលើកតម្កើងសន្តិភាពនិងការផ្សះផ្សាជាតិ៕

 


ចែករំលែក៖