ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ដោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តមិនស្គាល់ម៉ាកបានបើកកៀរកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(លិចទៅកើត)។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២០ និង០៥នាទី ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨.២០៩ ស្ថិតក្នុងភូមិខ្នាចរមាស ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សុវ៉ាត ហៅវ៉ា ភេទប្រុស អាយុ ៣៣ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពខាងលើបន្តថា ជនរងគ្រោះបានធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក ស្មាស សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 0097 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើស្រាប់តែមានរថយន្ត ១គ្រឿងធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានកៀ បណ្ដាលឲ្យដួលបោកក្បាលផ្ទប់ទៅនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែករថយន្តបង្កបានបន្ថែមល្បឿនទៅទិសខាងកើតបាត់ស្រម៉ោល។
ប្រភពដដែលបន្តទៀតថា សាកសពជនរងគ្រោះ និងវត្ថុតាងម៉ូតូបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងតាមនីតិវិធី ចំណែករថយន្តបង្កសមត្ថកិច្ចបោះដៃសហការគ្នា និងកំពុងស្រាវជ្រាវ៕ ប៉ឹម ពិន