ភ្នំពេញ ៖ ម៉ូតូដែលដាក់ផ្ញើនៅមុខមន្ទីរពេទ្យឯកជនចំនួន១៦គ្រឿងបានរងការខូចខាត និងរថយន្តមួយគ្រឿង ត្រូវក្រពិតមួយចំហៀងព្រមទាំងបុកបង្គោលភ្លើងមួយដើមបានទ្រេតរកកលនឹងដួល បន្ទាប់ពីបុរសជនជាតិចិនម្នាក់ បើករថយន្តទាំងស្រវឹងស្រា រេពេញផ្លូវហើយជ្រុលទៅបុកទាំងកំរោល កាលពីវេលាម៉ោង ៣នាទីយប់ឈានចូល ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខគ្លីនិកអង្គរធំ ស្ថិតតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
បុគ្គលិកសន្តិសុខរបស់គ្លីនិកអង្គរធំម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន រថយន្ត CRV ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2K 2095 បើកបរដោយបុរសជនជាតិចិនមិនស្គាល់ឈ្មោះម្នាក់ ក្នុងស្ថានភាពស្រវឹង បើករេពេញផ្លូវដោយធ្វើដំណើរ តាមបណ្តោយផ្លូវកម្ពុជាក្រោមទិសដៅ ពីផ្សារធំថ្មីមកស្ពានអាកាស៧មករា ក្នុងល្បឿនលឿន។ លុះមកដល់ចំណុច កើតហេតុ ស្រាប់តែរថយន្ត នេះបានរេចង្កូតទៅបុករះម៉ូតូ ដែលគេដាក់ផ្ញើ នៅខាងមុខគ្លីនិកអង្គរធំ បណ្ដាលឲ្យម៉ូតូ១៦គ្រឿង ត្រូវបានដួលគរលើគ្នា ក្នុងនោះមានម៉ូតូចំនួន១០គ្រឿង ត្រូវបានរងការខូចខាតធ្ងន់ធ្ងរ និង៦គ្រឿងទៀត គ្រាន់តែដួលគរលើគ្នាតែប៉ុណ្ណោះ ។
ប្រភពដដែលបន្តថា បន្ទាប់ពីរថយន្តបុករះ ម៉ូតូ១៦គ្រឿងហើយ រថយន្តនេះមិនទាន់អស់ល្បឿនទេ ក៏បានជ្រុលទៅបុករថយន្តមួយគ្រឿងទៀត របស់បុគ្គលិកគ្លីនិកខាងលើ ម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M 8696 បណ្ដាលអោយខ្ទេច មួយចំហៀងខាងមុខ ផ្នែកខាងស្ដាំ ហើយជ្រុលទៅបុក បង្គោលភ្លើង បំភ្លឺផ្លូវថែមទៀតផង បណ្ដាលឲ្យខូចខាត ទើបរថយន្តបង្ក ដាច់កង់មុខខាងស្ដាំ ចេញពីរថយន្ត បើកទៅមុខលែងរួច។ នៅពេលនោះគេឃើញម្ចាស់រថយន្តបង្ក ជាជនជាតិចិនវិញនោះ បានរងរបួសបែកច្រមុះ ហូរឈាមប្រឡាក់ពេញអាវរួចបានរត់ចូលទៅអង្គុយ ក្នុងគ្លីនិកអង្គរធំទាំងភ័យព្រលឹងនៅចុងសក់ ។
មន្រី្តសណ្ដាប់ធ្នាប់សង្កាត់ទឹកល្អក់ទី១ម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញ រថយន្តមួយគ្រឿងនេះបានបើករេតាមផ្លូវ កម្ពុជាក្រោម ហើយដោយខ្លាចគ្រោះថ្នាក់ ក្រុមសណ្ដាប់ធ្នាប់ សង្កាត់ទឹកល្អក់១ បានបើករថយន្ត ដេញតាមពីក្រោយ រហូតដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះបានរេចង្កូតបុរះម៉ូតូ និងរថយន្តរួមទាំងបង្គោលភ្លើង តែម្តងដែលនេះចាត់ទុកថាសំណាងល្អ ព្រោះមិនមានបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកវាស់វែង និងអូសម៉ូតូ ដែលខូចខាតធ្ងន់ ចំនួន១០គ្រឿងនោះ និងរថយន្ត២គ្រឿង ព្រមទាំងម្ចាស់រថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការរាជធានីភ្នំពេញ រងចាំការដោះស្រាយតាមច្បាប់ ៕ ប្រាថ្នា