ព័ត៌មានទាន់ហេតុការណ៍៖

រុស្សីបង្កើន ក្រុមប្រតិកម្មរហ័ស ការពារ រថភ្លើងដឹកអ្នកដំណើរ

ចែករំលែក៖

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចុះហត្ថលេខាបង្កើនក្រុមប្រតិកម្មរហ័ស ដើម្បីការពារ រថភ្លើងគេចផុតពីការវាយប្រហារភេរវកម្ម ក្នុងពេលដែលក្រុមភេរវកម្មបង្កើនការវាយ ប្រហារនៅក្នុងប្រទេសរុស្ស៊ី។

ការសម្រេចខាងលើ ត្រូវបានប្រកាសនៅលើគេហទំព័ររបស់រដ្ឋាភិបាល ដោយក្នុងនោះបានបញ្ជាក់ថា «ក្រុមយាមល្បាត ត្រូវបានបំពាក់ឧបករណ៍ទំនើប នឹងធ្វើសកម្មភាពទាំងថ្ងៃ ទំាងយប់ ។ ភារកិច្ច របស់ ពួកគេគឺ ទប់ទល់ និងរារាំងសកម្មភាពខុសច្បាប់ នៅលើរថភ្លើង និងស្ថានីយរថភ្លើង» ។ លោក Medvedev បានស្នើ ក្នុងរយៈពេល៣ខែ ត្រូវតែមានរបាយការណ៍វាយតម្លៃ ពីហេតុការណ៍ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធរថភ្លើង ក្រោមដីរបស់រុស្ស៊ី ។

ការសម្រេចខាងលើ កើតឡើងក្រោយពេលដែលមានការវាយប្រហារ កាលពីថ្ងៃទី៣ ខែមេសា ទៅលើ ប្រព័ន្ធរថភ្លើងក្រោមដី នៅស្ថានីយពីរកន្លែង គឺ តំបន់ Sennaya និង មហាវិទ្យាល័យ បច្ចេកវិទ្យា ស្ថិតនៅក្នុងទីក្រុង St Petersburg បណ្តាលឲ្យមនុស្ស១៤នាក់ស្លាប់ និងជាង៥០នាក់រងរបួស ។

បច្ចុប្បន្នកម្លាំង ស្រាវជ្រាវរុស្ស៊ីកំពុងតែត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅក្នុងហេតុការណ៍វាយប្រហារខាងលើ ដោយត្រួតពិនិត្យ AND ។ ប៉ូលិស ក៏បានកំណត់អត្តសញ្ញាជនដៃដល់វាយប្រហារអត្តឃាត មានឈ្មោះ Akbarzhon Dzhalilov ។

ក្នុងថ្ងៃជាមួយគ្នានោះ គណៈកម្មាធិការ ស្រាវជ្រាវ របស់រុស្ស៊ីបានប្រកាសឲ្យដឹងថា បានចាប់ខ្លួន ជនសង្ស័យទី៧ នៅទីក្រុង St Petersburg ដែលជាប់សង្ស័យថា បានជ្រើសរើសសកម្មប្រយុទ្ធ ក្នុងការវាយប្រហារភេរវកម្ម នៅក្នុងប្រទេសរុស្ស៊ី ។ កន្លងមក រុស្ស៊ីក៏បានចាប់ខ្លួនមនុស្ស៦នាក់ផងដែរ ដែលជាប់សង្ស័យ ។

ការវាយប្រហារទៅលើប្រទេសរុស្ស៊ី នាពេលនេះ គឺជាការសងសឹកទៅនឹងអ្វីដែលរុស្ស៊ី បានចូលរួមវាយប្រហារក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យក្រុម IS ចងគំនុំជាមួយរុស្ស៊ី។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា ពេលនេះមានក្រុមភេរវករជាច្រើនកំពុងលាក់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅតំបន់អឺរ៉ុប ដើម្បីបើកការវាយប្រហារដាច់ដោយឡែកពីគ្នា ទៅលើគោលដៅផ្សេងៗ ដែលជាការសងសឹកទៅ នឹងការវាយប្រហារទៅលើទីតាំង IS នៅក្នុងប្រេសស៊ីរី និងអីរ៉ាក់ ៕ ម៉ែវ សាធី

000_NA2HV dr


ចែករំលែក៖