ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០.២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និង ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់ប្រទេសចិន ដែលប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គឺបានចាប់ផ្ដើមពីខែ មករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។
សម្តេចតេជោនាយករដ្ឋមន្ត្តី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោក ប្រធានាធិបតីចិនស៊ី ជីនពីង (Xi Jinping) ដែលបានជួយដល់កម្ពុជាតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទំនាក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្តាច់បានឡើយ ហើយមិត្តចិនតែងតែគិតគូពីការខ្វះខាតរបស់កម្ពុជា និងផ្តល់ជំនួយច្រើនជាងគេ។
នៅខែឧសភា ២០១៧ ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទស្តីពី “ផ្លូវមួយ ខ្សែក្រវាត់មួយ” និងទស្សនៈកិច្ចនៅប្រទេសចិនផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួលចរាចរណ៍មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍរីកចម្រើន នៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងទាក់ទាញការវិនិយោគ និងទេសចរណ៍ផងដែរ។ ពេលនេះគម្លាតពីទីក្រុងនិងជនបទគឺនៅមិនឆ្ងាយពីគ្នាទេ។
ភាពរីកចម្រើននឹងការអភិវឌ្ឍន៍ទាំងអស់នេះ អាចកើតមានឡើងដោយសារប្រទេសយើងមានសុខសន្តិភាព ដែលវាមានការខុសគ្នាពីឆ្នាំ ១៩៧០-១៩៧៥ និង ១៩៧៥-១៩៧៩ ដែលពេលនោះប្រទេសយើងស្ថិតនៅក្នុងភ្លើងសង្គ្រាម ប្រជាពលរដ្ឋពេលនោះរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដូចច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសន្តិភាពនេះទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមថែរក្សាផ្លូវនេះអោយបានគង់វង្សយូរអង្វែង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសប្បាយរីករាយ និងជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា។ មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបំពាក់មេដាយគ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធអោយប្រើប្រាស់ផ្លូវជាតិលេខ៦ ចាប់ពីពេលនេះតទៅ៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ