ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្មករសំណង់ចាប់វាយឡើងទ្រមខ្លួន ខណៈរូបគេបានដើរចូលទៅក្នុងការដ្ឋានផ្ទះល្វែងសង់ថ្មីមួយកន្លែង ដោយសង្ស័យលួចយកសម្ភារៈទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មី ។
ហេតុការណ៍នេះ មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២៣និង១០នាទី ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះល្វែងសង់ថ្មីកែង និងផ្លូវ១៩៧២ ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមានឈ្មោះ ពេជ្យ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកម្មករសំណង់ម្នាក់មានឈ្មោះ ពុទ្ធ ធា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើតខេត្តបន្ទាយមានជ័យ ដែលនៅទីនោះបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈកម្មករដែលស្នាក់នៅក្នុងផ្ទះសង់ថ្មីខាងលើបានសម្រានទាំងអស់គ្នាហើយពេលនោះរូបគាត់មិនទាន់សម្រានទេ ស្រាប់តែបន្តិចក្រោយមក ក៏លេចមុខជនសង្ស័យខាងលើបានដើរចូលមកហើយធ្វើជាសួររូបគាត់ ថាដេកហើយរឺនៅ ក្រោយមករូបគាត់បានឆ្លើយថា ជិតដេកហើយគាត់ក៏មានការសង្ស័យដែរ តែគាត់ចាំមើលសិនថា ជនសង្ស័យម្នាក់នេះចង់ធ្វើអ្វី ពេលនោះជនសង្ស័យម្នាក់នោះបានដើរចូលឡើងទៅតាំងពីជាន់ក្រោមរហូតដល់ជាន់លើ មិនដឹងថា ចង់រកអ្វីនោះទេ ភ្លាមនោះគាត់បានចេញពីក្នុងមុងហើយបានសួរជនសង្ស័យថា បងមកទីនេះមានការអី ពេលស្មើណឹងហើយ? ពេលនោះជនសង្ស័យខាងលើបានឆ្លើយវិញថា ម្ដងមកជាមួយអ្នកនេះ ម្ដងមកជាមួយអ្នកនោះ ធ្វើឲ្យក្រុមកម្មករគិតថា ជននេះមានបំណងមិនល្អ ក៏នាំគ្នាចាប់ឃាត់ខ្លួន និងវាយម្នាក់មួយដៃម្នាក់មួយជើង ទើបរាយការណ៍ទៅនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសួរនាំ ។
បើតាមការឆ្លើយយកលេសរបស់ជនសង្ស័យខាងលើបានប្រាប់ថា រូបគាត់ចូលទៅក្នុងនោះ ដើម្បីរកកន្លែងបត់ជើងតូចនោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលភ្នំពេញថ្មី និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធីបន្ត ៕ តុង សីហា