នៅពេលដែលពិភពលោកកំពុងប្រឈមមុខតានតឹងដោយយោធា ឬធ្លាក់ក្នុងដំណាក់កាលនៃការប្រកួតប្រជែងអាវុធ ប្រទេស ដែលទទួលបានផលប្រយោជន៍ច្រើនជាងគេនោះគឺប្រទេសមហាអំណាចដែលមានអាវុធទំនើបៗ ដោយផលប្រយោជន៍បាន មកពីការលក់អាវុធ។
ការប្រឈមមុខតានតឹងដាក់គ្នានៅក្នុងតំបន់មជ្ឈិមបូព៌ា ពិសេសគឺតំបន់អាស៊ី ក្នុងនោះមានជម្លោះសមុទ្រចិនភាគខាងត្បូង ក៏ដូចជាការប្រឈមមុខតានតឹងរវាងសត្រូវចាស់ឥណ្ឌា នឹងប៉ាគីស្ថាន រវាងឥណ្ឌា និង ចិនជាដើម ធ្វើឲ្យប្រទេសដែលមានការបា រម្ភថាអាចបរាជ័យប្រសិនបើមានសង្គ្រាមកើតឡើងដូច្នេះត្រូវបង្ខំចិត្តចំណាយប្រាក់ក្នុងការទិញអាវុធ។
កន្លងមក ឥណ្ឌាបានព្រមព្រៀងទិញយន្តហោះចម្បាំងពីបារាំងមានតម្លៃ ៧.៨០០ លានអឺរ៉ូ សម្រាប់ទប់ទល់ក្នុងពេលដែល កំពុងប្រឈមជាមួយប៉ាគីស្ថាននៅតំបន់កាស្មៀរជាដើម។ មួយវិញទៀត ការវាយ ប្រហារទៅលើក្រុមភេរវកម្ម IS ពីប្រទេសមហាអំណាចសព្វាវុធនៅក្នុងប្រទេសស៊ីរីនិងអុីរ៉ាក់ គឺជាការបង្ហាញ (ពាណិជ្ជកម្ម)អាវុធរបស់ខ្លួនដល់អតិថិជនដែលត្រូវការ។
ជាក់ស្តែងការវាយប្រហាររបស់រុស្ស៊ី កន្លងមកបានធ្វើឲ្យយន្ដហោះចម្បាំងរបស់ប្រទេសនេះកំពុងត្រូវប៉ាន់នៅលើទីផ្សារ សព្វាវុធបន្ទាប់ពីការវាយប្រហារដោយជោគជ័យនៅប្រទេសស៊ីរីមក
បន្ទាប់ពីការបង្ហាញសព្វាវុធនៅក្នុងពិធីតាំងពិព័រណ៍ពិត វាយប្រហារពិត ទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីមក យន្ដហោះចម្បាំងរុស្ស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសជាច្រើននៅលើពិភពលោក ហើយបានកុម្មង់ទិញ ជាច្រើនទៀតផង ។ បច្ចុប្បន្ន ប្រទេសជាច្រើនចង់បានយន្ដហោះចម្បាំងទំនើបៗ ដូចជាយន្ដហោះចម្បាំងរុស្ស៊ី Su-34 ជា ដើម។ ជាមួយនឹងជោគជ័យនោះ រុស្ស៊ីបានដណ្ដើមទីផ្សារសព្វាវុធជាច្រើនពីអាមេរិក និងលោកខាងលិច។
ចាប់តាំងពីការវាយប្រហារតាមដែន អាកាសទៅលើក្រុមអ៊ិស្លាមមបង្កើតរដ្ឋមក រុស្ស៊ីបានដាក់ឱ្យប្រើប្រាស់នូវសព្វាវុធទំនើបៗបំផុតរបស់ខ្លួនដើម្បីបង្ហាញឱ្យពិភពលោកបានដឹងពីសក្ដានុពលសព្វាវុធរបស់រុស្សុី ពិតជាទំនើបជាងអាមេរិកទៅទៀត តែរុស្ស៊ីមិនចង់ធ្វើសង្គ្រាមនៅក្រៅប្រទេសឡើយ ។ យន្ដហោះទំនើបបំផុតរបស់រុស្ស៊ីដែលបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រទេស ស៊ីរីនោះមាន Su-24, Su-25, Su-30, Su-34 និងគ្រាប់បែកឆ្លាតវៃប្រភេទKAB-250 សម្រាប់វាយប្រហារ កម្ទេចទីតាំងសត្រូវ បានយ៉ាងល្អបំផុត មិនដែលខុសគោល ដៅឡើយ។
ប្រទេសជាច្រើននៅលើពិភពលោក ក្រោយពេលបានមើលឃើញកម្លាំងពិត ប្រាកដនៅក្នុងការវាយប្រហារតាមដែន អាកាសរបស់រុស្ស៊ីនោះ មានបំណងចង់ ទិញសព្វាវុធទាំងនោះមកការពារជាតិរបស់ខ្លួន។
អ្នកឯកទេសយោធារបស់រុស្ស៊ីលោក Igor Korotchenko បានបញ្ជាក់ថា អតិថិជនទិញសព្វាវុធពីរុស្ស៊ីនោះ មានការត្រួតពិនិត្យមើលបានយ៉ាងច្បាស់នឹងភ្នែក ពីសមត្ថភាពវាយប្រហាររបស់យន្ដហោះ ចម្បាំង Su-34 ហើយអតិថិជនជាច្រើនបាន ចាត់ទុកថា នោះជាយន្ដហោះចម្បាំង ដ៏ល្អ បំផុតនៅលើលោក។ លោក Igor Korotchenko ក៏បានបង្ហាញឈ្មោះ អតិថិជនថ្មីដែលចង់ទិញយន្ដហោះចម្បាំង របស់ រុស្ស៊ីមានប្រទេសអាល់ហ្ស៊េរី អុីរ៉ាក់ កាហ្សា ស្ថាន ទួរមេនីស្ថាន អ៊ុយបេគីស្ថានជាដើម ។
ចំណែកប្រទេសនៅក្នុងទ្វីបអាហ្វ្រិក មានប្រទេសអ៊ូហ្គង់ដា និងនីហ្សេរីយ៉ា ក៏កំពុងពិភាក្សាទិញយន្ដហោះចម្បាំង Su-34 របស់រុស្ស៊ីសម្រាប់វាយប្រហារ ទៅលើក្រុម បូកូហារ៉ាមផងដែរ។ ក្រៅពីនេះប្រទេស បែលឡារូសក៏មានគម្រោងទិញយន្ដហោះ Su-30SM របស់រុស្ស៊ី ដើម្បីបំពេញឃ្លាំងអាវុធការពារជាតិឱ្យបានកាន់តែប្រសើរឡើងនៅឆ្នាំ២០២០ ។ មេបញ្ជាការកងទ័ព ដែនអាកាសប្រទេស បែលឡារូសប្រកាស ថា យន្ដហោះចម្បាំង ហួសសម័យមួយចំនួនចំបាច់ត្រូវតែផ្លាស់ប្ដូរ ហើយយន្ដហោះ ចម្បាំងរុស្ស៊ីពិតជាស័ក្ដិសមបំផុតសម្រាប់ការផ្លាស់ប្ដូរនោះណាស់ ។ លោកបន្ដទៀត ថា តាមការវាយ តម្លៃលើស្ថានភាពជាក់ស្ដែងរបស់យន្ដហោះចម្បាំងរុស្ស៊ីដែល វាយប្រហារទៅ លើក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅក្នុងប្រទេសស៊ីរីនេះគឺជាយន្ដហោះ ចម្បាំងដ៏ល្អបំផុត។
មេដឹកនាំប្រទេសលោកខាងលិចបានថ្កោលទោសទៅលើសកម្មភាពវាយ ប្រហាររបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី នោះអាចធ្វើឱ្យស្ថានភាពកាន់តែតានតឹងថែមទៀត ។ ឆ្លើយតបទៅនឹងការចោទប្រកាន់ រុស្ស៊ីបាន ប្រកាសថា ការវាយប្រហារតាមដែន អាកាស គឺគោរពទៅតាមច្បាប់អន្ដរជាតិ និងទៅតាមសេក្ដីត្រូវការរបស់រដ្ឋាភិបាលស៊ីរី។
ប្រព័ន្ធផ្សព្វផ្សាយនានារបស់លោកខាងលិចបានផ្សាយថា គោលដៅវាយប្រហារ របសរុស្ស៊ីតាមដែនអាកាសទៅលើក្រុម អ៊ិស្លាមបង្កើតរដ្ឋនោះគឺដើម្បីបង្ហាញពី ឥទ្ធិពលសព្វាវុធតែប៉ុណ្ណោះ ក៏ដូចជាផ្សព្វផ្សាយអាវុធទំនើបៗរបស់ខ្លួនឱ្យ ពិភព លោកបានដឹង និងស្វែងរកទីផ្សារ នាំចេញ សព្វាវុធនៅពេលអនាគត ។
តាមការព្យាករតម្លៃសរុបនៃការនាំចេញសព្វាវុធរបស់រុស្ស៊ីនៅក្នុងឆ្នាំនេះមានទឹកប្រាក់រហូតដល់ទៅ១៣ពាន់លានដុល្លារអាមេរិក ។ តាមការប្រកាសរបស់ក្រុមហ៊ុន Rostekhmam ឯកទេសផលិតសព្វាវុធ របស់រុស្ស៊ីបញ្ជាក់ថា នៅក្នុង ឆ្នាំនេះក្រុម ហ៊ុននាំចេញសព្វាវុធ Roso- bornexport នឹងទទួលបានប្រាក់ចំណូលដល់ ទៅ១៣ ពាន់លានដុល្លារពីការលក់អាវុធ ។ ពេលនេះមានលិខិតបញ្ជាទិញអាវុធរុស្ស៊ី មាន តម្លៃដល់ទៅ៤០ពាន់លានដុល្លារ ។
បច្ចុប្បន្នរុស្ស៊ីបានលក់សព្វាវុធ និង សម្ភារយោធាដល់ប្រទេសចំនួន៥៩នៅលើពិភពលោកទាំងមូល ប្រទេសដែល ទិញអាវុធច្រើនបំផុតពីរុស្ស៊ីគឺឥណ្ឌាមាន ២៥ភាគរយនៃអាវុធនាំចេញសរុប។ បន្ទាប់មកគឺប្រទេសចិនមាន២២ភាគរយអុីរ៉ាក់ ២២ភាគរយ ស៊ីរី៥ភាគរយ វេណេហ្ស៊ុយ អេឡា៥ភាគរយ។ល។ អំពី ភូមិសាស្ដ្រអាវុធរុស្ស៊ីលក់ទៅកាន់តំបន់អាស៊ីមានរហូតដល់៧៥ភាគរយ តំបន់អាមេរិកឡាទីនមាន ៩ភាគរយ និងមជ្ឈិមបូព៌ាមាន៧ភាគរយ។
តាមការព្យាករការលក់សព្វាវុធ របស់ រុស្សុីនឹងកើនឡើងជាបន្ដបន្ទាប់នៅឆ្នាំខាងមុខ ក្រោយពេលដែលបានបង្ហាញ នៅក្នុងពិធីតាំងពិព័រណ៍សព្វាវុធនៅលើទឹកដីស៊ីរី តាមរយៈការវាយប្រហារទៅលើក្រុមអ៊ិស្លាមបង្កើតរដ្ឋនោះ ៕ ម៉ែវ សាធី