បន្ទាយមានជ័យ៖ ពលករខ្មែរខុសច្បាប់ ធ្វើការនៅប្រទេសថៃ សម្រុកមកស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅសល់ប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវសមត្ថកិច្ចថៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់បញ្ជូន និងយកលុយ ចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតរាប់ម៉ឺននាក់ ដាក់តាមរថយន្តទ្រុងយ៉ាងណែនស្ទើរដាច់ខ្យល់ បញ្ជូនមកជាងដប់រថយន្ត ប្រហែល១០០០ពាន់ក្នុងមួយថ្ងៃ ចាប់ពីចុងខែមីនា មកដល់ដើមខែមេសា ឆ្នាំ២០១៧ ។
លោក ឆន ជាពលករខុសច្បាប់មកពីប្រទេសថៃបានប្រាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ ខែមេសាថា ខណៈដែលពួកគាត់ជិះរថយន្តវិលត្រឡប់មកស្រុកកំណើតវិញ ត្រូវបានតម្រួតថៃដាក់ប៉ុស្តិ៍ចាំកាក់ឆែកឆេរតាមផ្លូវ និងយកលុយបន្ទាប់មកបានដឹកពលករមកចំនុចផ្សារមង្គលនេះតែម្តង ហើយក្នុងករណីពលករដែលអត់មានលុយ ហើយចង់មកផ្ទះបានដើរបុកតម្រួតឲ្យចាប់បញ្ជូនមកនោះ មានពិតប្រាកដមែន។ លោកបានបញ្ជាក់បន្ថែមថា ចំពលករដែលមានលុយអោយតម្រួតថៃដែលសរុបចាប់ពី៧០០ទៅ១០០០បាតត្រួវបានតម្រួតថៃបញ្ជូនមកភ្លាមៗតែម្តង និងចំពោះពលករដែលគ្មានលុយទាំងនោះ ត្រូវបានតម្រួតថៃឃាត់ទុក១ថ្ងៃទៅ៣ថ្ងៃ ទើបបញ្ជូនមក។
លោកស្រី ស៊ិន ណាំយ៉ុង ជាប្រធានគណៈកម្មការទទួលពលករនៅចំណុចផ្សារមង្គលបានអះអាងថា នៅចំពោះពលករខុសច្បាប់ ដែលពលករចាប់បញ្ជូនមកដល់ចំណុចអ្នកស្រីគ្រប់គ្រងនេះ គឺគ្មានការកៀបសង្កត់យកប្រាក់ពីពួកគាត់នោះទេ ផ្ទុយទៅវិញនៅកន្លែងដែលលោកស្រីគ្រប់គ្រងនេះ គឺមានអង្គការមួយចំនួនដូចជា (អង្គការ សាម៉ារីតាន់ភើស) និងអង្គការ (ION) ចាំជួយពលករដែលតម្រួតថៃចាប់ដាក់កុក ជួយថ្លៃសាហុយឡាន និងគ្រឿងឧបភោគបរិភោគដូចជា ទឹកត្រី ទឹកស៊ីវ អង្គរ ខោអាវ មីដើម្បីវិលត្រលប់ទៅស្រុកកំណើតវិញផងដែរ។
តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា មានសមត្ថកិច្ចខ្មែរខិលខូចមួយចំនួនតូច នៅតែមានការគៀបសង្កត់យកលុយពីពលករខុសច្បាប់ទទួលរងគ្រោះនេះផងដែរ ៕ វណ្ណា