ភ្នំពេញ៖ គេនៅចាំបានថា តារាចម្រៀង លំដាប់កំពូលប្រចាំផលិតកម្មសាន់ដេ កញ្ញាសាច់សខ្ចីសុខ ពិសី បានចាកចេញ ពីប្រទេសកម្ពុជាកាលពីរាត្រីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៧ កន្លងទៅជាមួយតារាល្បីផ្សេងទៀតទៅកាន់ប្រទេសជប៉ុន។ការចាក ចេញទៅជប៉ុននេះត្រូវបានគេទម្លាយថា រួមដំណើរជាមួយកូនប្រុសថៅកែផលិត កម្មសាន់ដេដែលគេធ្លាប់ល្បីថា មានទំនាក់ទនងស្នេហានឹងគ្នាកន្លងមក។
ក្នុងដំណើរចាកចេញទៅកាន់ប្រទេសជប៉ុនជាង១០ថ្ងៃនោះកញ្ញាសុខ ពីសី ប្រាប់ថា នាងមានគម្រោង២ជាសំខាន់គឺទី១នាងចេញទៅច្រៀងជូនសមាគមមួយនៅទីនោះ ដើម្បីប្រមូលយកថវិកាមួយ ចំនួនទុកជូនមន្ទីរពេទ្យគន្ឋបុប្ជា ហើយមានមួយរឿងទៀតគឺនាងត្រូវសល់ពេលខ្លះ ថតបទចម្រៀងជូនផលិតកម្មសាន់ដេ ដែលបានសម្រិតសម្រាំងរួចរាល់សម្រាប់ថតនៅប្រទេសជប៉ុនផងដែរ។ នាងមិន បញ្ជាក់អំពីវត្តមានអ្នកណាអមដំណើរចេញ ទៅជប៉ុនកាលពីពាក់កណ្តាលខែមុននេះទេ ប៉ុន្តែប្រភពពីអ្នកក្នុងចង្កោមសិល្បៈ ដែលបានរួមដំណើរជាមួយ សុខ ពិសី លើកឡើងថា សុខ ពិសីបានរួមដំណើរជា មួយនឹងលោក ឡាយ សុខចម្រើនដែល ជាកូនប្រុសថៅកែផលិតកម្មពិតមែន។ ប្រភពបន្តថា អ្នកទាំងពីរនៅតែស្និទ្ធស្នាលគ្នាប្លែកពេលទៅដល់ប្រទេសជប៉ុន។ ការលើកឡើងនេះក៏ស្របពេលដែលកន្លងមកមានលេចធ្លាយដំណឹងស្នេហាក្រៅឆាក របស់នាងជាមួយកូនប្រុសថៅកែផលិត កម្មសាន់ដេដែរ។
អ្នកយកព័ត៌មាននគរវត្តពុំទាន់អាច ស្វែងរកការបញ្ជាក់ពីតារាចម្រៀងសុខ ពិសីបាននៅឡើយទេ។ ប៉ុន្តែប្រភពពីអ្នកបម្រើការងារនៅផលិតកម្មសាន់ដេលើកឡើងថា ថៅកែប្រុសរបស់ខ្លួនពិតជា បានចេញទៅប្រទេសជប៉ុនជា មួយតារា ចម្រៀងសុខ ពិសីពិតមែនហើយការចេញទៅនេះគឺក្នុងនាមជាអ្នកចម្រៀងនិងចេញ រកទីតាំងថតភាពយន្តថ្មីរបស់ផលិតកម្មសាន់ដេផងដែរ។
គួររំឭកថា កន្លងមកតារាចម្រៀងសុខ ពិសី ទទួលបានតំណែងជាតួឯកក្នុងផលិតកម្មខាងលើជាញឹកញាប់បូករួមទាំងការ សម្រិតសម្រាំងបទចម្រៀងថ្មីល្អសម្រាប់នាងផងដែរ។មានការលើកឡើងថា ចំណងស្នេហាអ្នកទាំងពីរត្រូវបានឪពុក ម្តាយទាំងសងខាងបានដឹងឮហើយ ប៉ុន្តែ តារាចម្រៀង រូបនេះនៅមិនទាន់សម្រេច ចិត្តចូលរោងការនៅឡើយព្រោះតែនាង មិនចង់ធ្លាក់ចុះប្រជាប្រិយភាពក្រោយ ពេលរៀបការនោះ៕ វឌ្ឍនា