ភ្នំពេញ៖ នៅវិមានសន្តិភាព រសៀលថ្ងៃទី០៧ ខែ មេសា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកស្រី ស៊ុន ឈុនឡាន សមាជិកការិយាល័យ មជ្ឈិមបក្សកុម្មុយនីសចិន និងជារដ្ឋមន្ត្រីកិច្ចការរណសិរ្ស របស់គណបក្សកុម្មុយនីសចិន។ លោកស្រី ស៊ុន ឈុនឡាន បានកោតសរសើរចំពោះភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះមានអគារខ្ពស់ៗទំនើបៗច្រើន។ លោកស្រីក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកនាយករដ្ឋមន្រ្តី លី គឺឈៀង ជូនសម្តេចតេជោផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែអំណរគុណចំពោះលោកស្រីដែលបានមើលឃើញការវិវត្តន៍ថ្មីៗរបស់កម្ពុជា ។ សម្តេចតេជោ សប្បាយរីករាយផងដែរ ដែលកន្លងមកនេះ បានរួមការងារជាមួយរដ្ឋាភិបាលចិន ជាពិសេសថ្លែងអំណរគុណចិន ដែលបានចូលរួមយ៉ាងសកម្មក្នុងគ្រប់កម្រិត ធ្វើឲ្យទំនាក់ទំនងទ្វេរភាគីរវាងប្រទេសទាំងពីរ ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ដែរថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ភ្ជាប់នូវគោលនយោបាយដ៏ត្រឹមត្រូវ គឺការពារស្ថេរភាពក្នុងតំបន់ និងការពារដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់បម្រើផលប្រយោជន៍ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិន និងអាស៊ាន-ចិន។ រាល់ជំនួយទាំងអស់ របស់ចិនមកកាន់កម្ពុជា មិនមែនត្រឹមតែសម្រាប់ការអភិវឌ្ឍប្រទេសជាតិទេ គឺបានជួយដល់អធិបតេយ្យនយោបាយ នៅកម្ពុជា ហើយក៏ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យផ្ទៃក្នុង និងក្រៅប្រទេស។ ការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃគឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តចិន។
នៅក្នុងជំនួបនេះផងដែរ លោកស្រី ស៊ុន ឈុនឡាន រី បានស្នើ៣ចំនុច មកកាន់សម្តេចតេជោគឺ ១)បន្តឲ្យមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្រៅពីការអញ្ជើញ សម្តេចតេជោ ទៅចូលរួមក្នុងសន្និសីទ “ផ្លូវមួយខ្សែក្រវ៉ាត់មួយ” លោកជំទាវក៏បានគោរពអញ្ជើញសម្តេចតេជោ ចូលរួមកិច្ចសន្ទនា រវាងគណបក្សកុម្មុយនីសចិន និងពិភពលោក ដែលគ្រោងធ្វើឡើងនាពេលខាងមុខនេះ។ ២) បង្កើនកិច្ចសន្ទនាទាំងសងខាង ទៅលើប្រធានបទ ដែលជាផលប្រយោជន៍រវាងគ្នានិងគ្នា ទៅវិញទៅមក, និង ៣)បន្តការផ្លាស់ប្តូរទស្សនៈកិច្ចយុវជននៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគាំទ្រពេញទំហឹង ចំពោះការស្នើសុំចំនុចទាំង៣នេះ ព្រោះជាផលប្រយោជន៍រវាងគ្នានិងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេរភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន៕
ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ