បើទោះបីជាប្រជានេសាទតវ៉ារឿងជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរច្រើនដងមកហើយក៏ដោយ ក៏គ្មានលទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់នោះដែរ ។ ការដែលជនជាតិវៀតណាមអាចមកនេសាទក្នុងដែនសមុទ្រខ្មែរបាន សុទ្ធតែត្រូវចំណាយលុយកាក់ឲ្យសមត្ថកិច្ចលើដែនទឹក ក្នុងនោះ គឺសមត្ថកិច្ចរដ្ឋបាលជលផល ត្រូវអ្នកនេសាទវៀតណាមដាច់ខាតបង់ប្រាក់ឲ្យច្រើនជាងគេ ។ ហេតុដូច្នេះហើយបានជាការតវ៉ារបស់ប្រជានេសាទខ្មែរច្រើនលើកច្រើនសារមិនបានលទ្ធផលនោះ ។
លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ និងនេសាទ ខេត្តកំពត ដែលកាន់កិច្ចការនេះច្រើនជាង១០ឆ្នាំមកនោះជាអ្នកដែលមានសម្ពន្ធភាពជិតស្និទ្ធជាមួយពួកអ្នកនេសាទវៀតណាមទាំងនោះ ។ ក្រុមមន្ត្រីរដ្ឋបាលជលផលតូចតាចបានធ្វើពលិកម្មច្រើនសន្ធឹកសន្ធាប់ក្នុងបុព្វហេតុមិនឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរ ប៉ុន្តែអ្នកដែលសោយផលប្រយោជន៍ពីពលិកម្មទាំងនោះគឺមេជលផលឯណោះទៅវិញទេ ។ នៅពេលដែលទទួលបានប្រយោជន៍ពីអ្នកនេសាទវៀតណាម មន្ត្រីជលផលពោលគឺលោក ស សូរិន្ទ ទម្លាក់កំហុសទៅលើអ្នកនេសាទខ្មែរជាអ្នកបង្កបញ្ហាទៅវិញ ។
ករណីនេះ គួរតែក្រសួងកសិកម្ម រុក្ខាប្រមាញ ពិនិត្យឡើងវិញចំពោះទង្វើរបស់នាយខណ្ឌរដ្ឋបាលជលផលកំពត ។ លោក ស សូរិន្ទ កាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពតតាំងពីជំនាន់លោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដែលរហូតមកដល់ពេលនេះ ក្រសួងនេះដូររដ្ឋមន្ត្រី៣នាក់ហើយ នៅឡើយនាយខណ្ឌរដ្ឋបាលជលផលកំពតមិនទាន់ដូរទេ ។ មិនគួរទុកឲ្យដុះស្នឹម បង្កសម្ពន្ធភាពជិតស្និទ្ធជាមួយអ្នកនេសាទវៀតណាម ដែលបណ្តាលឲ្យមានមហន្តរាយដល់មច្ឆជាតិខ្មែរនោះឡើយ ៕