ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនចុះពិនិត្យមើល ទីតាំងទំនាស់កាយដីព្រំជាប់គ្នាចំនួន២កន្លែង

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានដឹកនាំអាជ្ញាធរភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងដីទំនាស់របស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីកាយដីព្រំជាប់គ្នា ចំនួន ២កន្លែង ដោយដីទំនាស់ទី១-ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ករណីប្រជាពលរដ្ឋ ១គ្រួសារ ឈ្មោះ សួស សុខដុម អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ សេង ស្រីរ័ត្ន អាយុ ៣១ឆ្នាំ កើតទុក្ខមិនសុខចិត្ត ដោយឈ្មោះ ផឹង សុភី ភេទប្រុស អាយុ ៣៨ឆ្នាំ បានកាយដីជាប់ព្រំ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះរបស់គាត់ និងដីទំនាស់ទី២-ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីប្រជាពលរដ្ឋ ១គ្រួសារ ឈ្មោះ ង៉ែត វណ្នី ហៅទិត ភេទប្រុស អាយុ៥៣ឆ្នាំ និងប្រពន្ធឈ្មោះ លឹម ថារី អាយុ ៥២ឆ្នាំ បានកើតទុក្ខមិនសុខចិត្ត ដោយឈ្មោះ តូ សុភា ភេទប្រុស បានកាយដីជាប់ព្រំ ធ្វើឱ្យបាក់ខូចខាតផ្ទះ និងអាជីវកម្មរកស៊ីប្រចាំថ្ងៃរបស់គាត់។

ក្នុងឱកាសចុះពិនិត្យនោះ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវខិតខំសម្របសម្រួល គ្រប់ភាគីពាក់ពាក់ព័ន្ធទំនាស់ និងជួយពន្លឿននួវការដោះស្រាយឱ្យបានឆាប់រហ័ស ព្រោះករណីនេះអាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ លោក កើត សុធា ក៏បានសំនូមពរដល់ប្រជាពលរដ្ឋ ដែលជាភាគីទំនាស់ទាំងអស់ ត្រូវខិតខំសម្រុះសម្រួលគ្នាឱ្យអស់លទ្ធភាព ក្នុងនាមជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា ធ្វើយ៉ាងណាអាចទទួលយកបានទាំងអស់គ្នា ដើម្បីបញ្ចប់ទំនាស់។

គួរបញ្ជាក់ថា៖ ករណីទំនាស់កាយដីព្រំនេះ ករណីទី១-ស្ថិតនៅក្រុងប៉ៃលិន ភាគីទាំងពីរ កំពុងដោះស្រាយគ្នានៅក្រៅប្រព័ន្ធតុលាការនៅឡើយ ដោយមានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ចំណែកករណីទី២-ទំនាស់កាយដីព្រំ ស្ថិតនៅស្រុកសាលាក្រៅ គឺបានឈានដល់ការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការទៅហើយ ដោយតុលាការសាលាដំបូងខេត្តប៉ៃលិន នឹងកោះហៅភាគីទាំងពីរ ដើមចូលខ្លួនមកដោះស្រាយ នាពេលឆាប់ៗខាងមុខ ៕ ស សារ៉េត

fe (6) fe (7) fe (8) fe (1) fe (2) fe (3) fe (4) fe (5)


ចែករំលែក៖