ខេត្តប៉ៃលិន៖ នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ មានកិច្ចប្រជុំបូកសរុបការងារត្រីមាសទី០១ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្កិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក អៀង វុធ អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ។
លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈក្នុងរយះពេល៣ខែកន្លងមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់ជំនាញបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ទប់ស្កាត់បង្រ្កាបរាល់បទល្មើសនានា និងពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើ ។ ជាក់ស្តែងក្នុងត្រីមាសទី១ឆ្នាំ២០១៧បទល្មើសព្រហ្មទណ្ឌកើតឡើងចំនួនចំនួន១៣លើកលើ១២លើក បើប្រៀបធៀប និងឆមាសទី១ ឆ្នាំ២០១៦ មានការកើនឡើងចំនួន ០១លើក ក្នុងនោះបទល្មើសឧក្រិដ្ឋ មានចំនួន ០៣លើក លើ២លើក ករណីរំលោភសេពសន្ថវៈមានចំនួន ០៣លើក ។ បទល្មើសមជ្ឈឹមមានចំនួន ១០លើក លើ១០ លើក ករណីហិង្សាដោយចេតនា០៦លើក ករណីឆបោក-រំលោភលើសេចក្តីទុកចិត្តមានចំនួន ០១លើក ។ លទ្ធផលកិច្ចប្រតិបត្តការបង្រ្កាបបទល្មើសមានចំនួន៤១លើក ក្នុងនោះបង្រ្កាបជាក់ស្តែងមានចំនួន៣៩លើក ។
លោក អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងនោះបានកែទម្រង់កងកម្លាំងប្រដាប់អាវុធផងដែរ ដោយជំរុញអោយថ្នាក់ដឹកនាំមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវងូតទឹកដុះក្អែលឆ្លុះកញ្ចក់មើលខ្លួនឯកអោយបានស្អាត ក្នុងន័យពិនិត្យកំហុសខ្លួនឯង រួចរួមគ្នាកែលំអរអោយបានទាន់ពេលវេលា ទើបធ្វើការងារបានរីកចំរើន ។ ដូច្នេះតាមរយះកិច្ចប្រជុំនេះត្រូវយកមតិយោបល់និងបទពិសោធន៍ល្អៗដើម្បីបន្តអនុវត្តការងារពង្រឹងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិនអោយបានល្អ។
លោក ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍កោតសរសើនិងវាយតម្លៃចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដែលខិតខំយកចិត្តទុកដាក់បំពេញការងារការពារសន្តិសុខសណ្តាប់បានល្អ ធ្វើអោយបទល្មើសមានការថយចុះ។
លោក បានជំរុញដល់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលខេត្តទាំងអស់ត្រូវបន្តពង្រឹងយន្តការដឹកនាំបញ្ជា អោយបានខ្លាំងក្លា ដោយរៀបចំផែនការការពារសុវត្តិភាពជូនគណបក្សនយោបាយនានា និងកិច្ចការពារការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខអោយមានបរិយាកាលល្អ ជាពិសេសត្រូវពង្រឹង និងរក្សាអោយបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបណ្តុះបណ្តាលវិជ្ជាជីវៈពង្រឹងសមត្ថភាពធនធានមនុស្សលើផ្នែកព័ត៌មានវិទ្យានិង ត្រូវអនុវត្តន៍ និងទប់ស្កាត់អោយបាននូវយុទ្ធសាស្ត្រទាំង ០៥ ដែលរដ្ឋាភិបាលដាក់ជូន ត្រូវរួមគ្នាពង្រឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកអោយអោយបានល្អគ្រប់ពេលវេលា រួមគ្នាទប់ស្កាត់បទល្មើសឧក្រិដ្ឋឆ្លងដែន លប់បំបាត់កង់ត្រូលជជុះ ពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន ពង្រឹងអនុវត្តន៍តួនាទីភារៈកិច្ចអោយបានល្អ និងចេះសាមគ្គីភាពផ្ទៃក្នុង និងត្រូវសហការជាមួយភាគីថៃអោយបានល្អដើម្បីប្រែក្លាយជាព្រំដែនមិត្តភាព សាមគី្គភាពនិងមានការអភិវឌ្ឍន៍។
ក្នុងឱកាសនោះ ក៏មានពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលនៃស្នងការនគរបាលខេត្ត មានចំនួន ០៩នាក់ និងបំពាក់ឋានន្តរសក្តិចំនួន ៦៣នាក់ រួមមាន – ថ្នាក់វរសេនីយ៍ឯក : ០១នាក់ ថ្នាក់វរសេនីយ៍ទោ : ០៦នាក់ ថ្នាក់វរសេនីយ៍ត្រី : ០២នាក់ ថ្នាក់អនុសេនីយ៍ឯក : ០៨នាក់ អនុសេនីយ៍ទោ : ២៦នាក់ អនុសេនីយ៍ត្រី. : ០៦នាក់ ព្រិន្ទបាលឯក: ១៣នាក់ ព្រឹន្ទបាលទោ : ០១នាក់ ៕ ស សារ៉េត