ភ្នំពេញ៖ រថយន្តRANGE ROVER មួយគ្រឿង ដោយម្ចាស់ស្រវឹង បានបើកបុករថយន្តឡិចស៊ីសRX330 ចំកង់ក្រោយបណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត ខ្ទាតទៅប៉ះជាមួយម៉ូតូ១គ្រឿងទៀតកំពុងធ្វើដំណើរ បណ្ដាលឲ្យរងការខូចខាត នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៦៣ កែងនិងផ្លូវ៣២២ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សាក្សីប្រាប់ឲ្យដឹងថា រថយន្តឡិចស៊ីសRX330 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2S.7807 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៦៣ ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿនល្មម ខណៈមកដល់ផ្លូវកែង៣២២ ក៏ត្រូវបានរថយន្តបង្កម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y.9299 ដែលអ្នកបើកបរស្រវឹង ហើយធ្វើដំណើរទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនយ៉ាងលឿន និងរេចង្កូតពេញផ្លូវជ្រុលទៅបុកកង់ក្រោយរថយន្តឡិចស៊ីសពីចំហៀង បណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត ហើយកង់ខ្ទាតទៅប៉ះម៉ូតូ១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលកំពុងធ្វើដំណើរនៅតាមបណ្ដោយផ្លូវកើតហេតុខាងលើ បណ្ដាលរងការខូចខាត ។
ដោយឡែករថយន្តទាំងពីរគ្រឿងក៏រងការខូចខាតយ៉ាងដំណំផងដែរ សំណាងល្អ ក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ ។
ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្ក និងខាងរថយន្តរងគ្រោះគឺជាអ្នកស្គាល់គ្នា ដោយដោះស្រាយ យករថយន្តទៅជួសជុលរៀងៗខ្លួន ចំណែកភាគីខាងម៉ូតូរងគ្រោះ ត្រូវបានម្ចាស់រថយន្តបង្កម៉ាក RANGE ROVER ចេញថ្លៃខូចខាតចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដោយមិនរំខាងដល់សមត្ថកិច្ចមូលដ្ឋានឡើយ ៕ ភារ៉ា ដង្កោ