ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គីសនី បំផ្លាញតូបលក់ស្បែកជើងរបស់អាជីវករនៅក្នុងផ្សាររុងក្លឿប្រទេសថៃ សរុបទឹកប្រាក់ប្រមាណជាង៣លានបាត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ តូបលក់ស្បែកជើងរបស់អាជីវករខ្មែរប្រមាណ១៥តូប ដែលលក់នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ត្រូវបានអគ្គីភ័យឆាបឆេះកាលពីវេលាម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងសទី១៦ ខែមេសា ឆ្នាំ២០១៧ត្រង់ចំណុចអាគារ L31-L50 ក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ឈមនឹងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសេចក្ដីរាយការណ៍អាជីវករខ្មែរ ដែលលក់ដូរក្នុងផ្សាររុងក្លឿបានប្រាប់ថាៈ ការឆាប់ឆេះតូបស្បែកជើងជជុះរបស់អាជីវករខ្មែរនោះចំនួន១៥តួប ហើយការឆាបឆេះបណ្ដាលមកពីការទុស្សេខ្សែភ្លើង ពេលដែលអាជីវករ ចាកចេញពីតូប ដើម្បីទៅចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ តាមបណ្ដាខេត្តនានា ស្រុកកំណើតរបស់ខ្លួន ។

ពួកគាត់បញ្ជាក់ថា ការឆាបឆេះនេះ បណ្ដាលឲ្យខូចខាតរបស់របរអាជីវករទាំងស្រុង តែមិនបង្កឲ្យគ្រោះថ្នាក់ដល់ជីវិតអ្នកណាឡើយ។ កម្លាំងប៉ូលិសថៃ ក្រុមអគ្គីភ័យរួមជាមួយក្រុមជួយសង្គ្រោះ និងមន្ត្រីឃុំបានប្រញាប់ប្រញាល់ទៅកាន់កន្លែងឆេះ ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីស្រុក ។

យោងតាមសារព័ត៌មានថៃបាននិយាយថា រថយន្តពន្លត់អគ្គិភ័យជាង១០គ្រឿង បានចំណាយពេលជាង២ម៉ោង ដើម្បីគ្រប់គ្រងភ្លើងដែលបានបំផ្លាញតូបម្តុំលក់ស្បែកជើងជជុះចំនួន១៥តូប ភាគច្រើនជារបស់អាជីវករខ្មែរត្រូវបានបំផ្លាញដោយគិតជាប្រាក់អស់ប្រមា៣លានបាត ។

ប៉ូលិសថៃនឹងស៊ើបអង្កេតរកមូលហេតុនៃការឆេះនេះ តែគេសង្ស័យថា បណ្តាលមកមពីទុស្សេចរន្តអគ្គីសនី ៕ វណ្ណា


ចែករំលែក៖