ព័ត៌មានទាន់ហេតុការណ៍៖

យកដុំថ្មគប់មិនដឹងមូលហេតុ ពេលគេសួរនាំ ក៏យកដាវមកព្រួតគ្នាកាប់របួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មំ៖ ជនកំណាចពីរនាក់ឪពុកកូន និងបក្ខពួកមួយក្រុមបានធ្វើសកម្មភាពកាប់ប្រហាដោយដាវទៅលើជនរងគ្រោះចំនួនពីនាក់បណ្តាលឲ្យរងរបួសជាទម្ងន់ ក្នុងនោះមានជនរងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅប្រទេសវៀតណាម ដោយសារមុខរបួសធ្ងន់ពេក ហើយក្តីសង្ឃឹមរស់រានមានជីវិតតិចបំផុត ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១និង៤០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ។

អធិការនគរបាលក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា មានករណីហិង្សាមានស្ថានទម្ងន់មួយកើតឡើងដោយ ឈ្មោះ ហ៊ុល សុខា ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិថ្នល់ថ្មី សង្កាត់សួង ក្រុងសួង និង ឈ្មោះ ខា ខាវ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាមួយគ្នា (ជាឪពុក និងកូន) និងបក្ខពួកបានធ្វើសកម្មភាពកាប់ដោយដាវទៅលេីទី១ ឈ្មោះ អ៊ុំ រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិទួលទ្រាជើង ឃុំជុប ស្រុកត្បួងឃ្មុំ បណ្តាលឲ្យរងរបួសក្បាល និងកញ្ជឹងក ធ្ងន់សង្ឃឹមរស់តិចបញ្ជូនទៅសង្រ្គោះប្រទេសវៀតណាម ទី២ ឈ្មោះ ឆាន សុភក្រ័ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្លាបក្តោង ឃុំជុប ស្រុកត្បូងឃ្មុំ បណ្តាលឲ្យរងរបួសក្បាលធ្ងន់ ។

លោកបន្តឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលក្រុងសួងបានឃាត់ ខ្លួនឈ្មោះ ខា ខាវ ជាកូន រួមនឹងវត្ថុតាងដាវ ១ដើម ដើម្បីចាត់ការតាមនីតិវិធី ចំណែកឪពុកឈ្មោះ ហ៊ុល សុខា ជាជនដៃដល់ដែរ និងបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន និងកំពុងតាមចាប់ខ្លួនពីសមត្ថកិច្ចផងដែរ ។

លោកអធិការក៏បានបញ្ជាក់ឲ្យដឹងថា មូលហេតុដែលឈានទៅប្រើអំពើហិង្សារនេះគឺ បណ្តាលមកពីភាគីបង្កយកដុំថ្មគប់ ទៅលើអ្នករងគ្រោះ ដែលកំពុងដើរលេងជាក្រុមប្រហែលគ្នា២០នាក់ ហើយខាងរងគ្រោះសួរនាំ ក្រុមបង្កក៏ទៅយកដាវមកកាប់តែម្តង ៕ វណ្ណះ


ចែករំលែក៖