ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានគូទំនាស់កាប់ដោយកាំបិតច្នៃ បណ្តាលឲ្យរយះក្បាលដេរចំនួន១១ថ្នេរ គ្រាដែលកំពុងរាំធុងបាស់ក្នុងថ្ងៃចូលឆ្នាំទី៣ នៅត្រង់ចំណុចបរិវេនវត្តឱង្ការាម ស្ថិតក្នុងភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ យេន ស្នា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិអម្ពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ចំណែកឯជនរងគ្រោះឈ្មោះ ស៊ូវ សែត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិគ ឃុំក្រាំងយ៉ូវ ស្រុកស្អាង (រងរបួសរយះលើបន្ទូលក្បាលដេរ១១ថ្នេរ) ។
ប្រភពដដែលបានបន្តថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាថ្ងៃទី៣ នៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅក្នុងបរិវេនវត្តឱង្ការាមមានចាក់ធុងបាស់ឲ្យប្រជាពលរដ្ឋចូលរាំលេងកំសាន្ត ។ គ្រានោះជនសង្ស័យ និងជនរងគ្រោះក៏បានចូលទៅរាំលេងផងដែរ ខណៈកំពុងរាំងលេងយ៉ាងសប្បាយជនសង្ស័យ និងជនរងគ្រោះ ក៏កើតមានទំនាស់ពាក្យសំដីគ្នានៅក្នុងវង់រាំ ភ្លាមនោះជនសង្ស័យក៏បានស្ទុះទាញយកកាំបិតច្នៃកាប់ប្រហារទៅលើជនរងគ្រោះ ធ្វើឲ្យប្រជាពលរដ្ឋដែលកំពុងរាំងភ័យស្លន់ស្លោរត់រកកន្លែងមានសុវត្ថិភាព ។ ដោយឡែកជនរងគ្រោះត្រូវបានជនសង្ស័យកាប់ ត្រូបចំបន្ទូក្បាលបណ្តាលឲ្យរងរបួសរយះក្បាលឈាមហូរស្រោចខ្លួន ។
ក្រោយពីមានហេតុការណ៍កើតឡើងជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យ ៕ស្អាងជ័យ