ព័ត៌មានទាន់ហេតុការណ៍៖

តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនស្ត្រី ម្ចាស់ហាងម៉ាស្សាយីហោ Baray Spa ពីបទមនុស្សឃាតដោយអចេតនា

ចែករំលែក៖

ខេត្តសៀមរាប៖ ស្ត្រីម្ចាស់ហាងយីហោ បារាយណ៍ស្ប៉ា Baray Spa មួយកន្លែងស្ថិតនៅជាប់​ពីខាងជើងហាង អង្គរ ហ៊ីប ក្នុងតំបន់កម្សាន្ត Pub Street កណ្តាលក្រុងសៀមរាប បន្ទាប់ពីម្ចាស់ហាងម៉ាស្សាបានរាយខ្សែភ្លើងដាក់តាមចិញ្ចើមផ្លូវ ដោយមានការធ្វេសប្រហែស ទើប

បណ្តាលឱ្យឆក់ក្មេងស្រី ម្នាក់ស្លាប់ កាលពីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ដែលជាយប់ចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មី ត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ ដែលមានទោស ពី ១ឆ្នាំ ទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល ទៅដល់ ៦លានរៀល ក្នុងមាត្រា ២០៧នៃច្បាប់ក្រមព្រហ្មទណ្ឌ និងមានទោសបន្ថែមមួយទៀត គឺ ហាមឃាត់ប្រកប វិជ្ជាជីវៈ។

តាមប្រភពពីមន្ត្រីជាន់ខ្ពស់នៅតុលាការខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា នៅរសៀលថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៧ បន្ទាប់ពីតំណាងអយ្យការនៃសាលាដំបូងខេត្តសៀមរាប បានសាកសួរចម្លើយ រួចមក ក៏បានសម្រេចចោទប្រកាន់ទៅលើស្ត្រីម្ចាស់ហាង ឈ្មោះ មាស សុភ័ក្រ ភេទស្រី អាយុ៣៦ឆ្នាំ យីហោ បារាយណ៍ស្ប៉ា Baray Spa ពីបទមនុស្សឃាតដោយអចេតនា ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួន ឱ្យសមត្ថកិច្ចយកទៅដាក់ពន្ធនាគារផងដែរ​។ប្រភពបានបញ្ជាក់ទៀតថា ក្រោយពីរកឃើញ ភ័ស្តតាង ក្នុងនោះមាន២ចំណុចៈ

ចំណុច ទី១/ម្ចាស់ហាង មានការធ្វេសប្រហែស មិនមានការប្រុងប្រយ័ត្ន ឬ ការខ្ជីខ្ជា។

ចំណុច​ទី២/​ការបំពាន ទៅលើកាតព្វកិច្ចសន្តិសុខ ឬ កាតព្វកិច្ច​ប្រុងប្រយ័ត្នដែលច្បាប់តម្រូវ។​ដូច្នេះ តុលាការសម្រេចឃុំខ្លួន ចែងតាមមាត្រា២០៧ នៃច្បាប់ក្រមព្រហ្មទណ្ឌ ដែលមានទោស​ពី ១ឆ្នាំ ទៅដល់៣ឆ្នាំ និងពិន័យជាប្រាក់ ២ លានរៀល ទៅដល់ ៦លានរៀល និងមានទោស​បន្ថែមមួយទៀត គឺ (ហាម បើកម៉ាស្សា វិញ)។

សូមបញ្ជាក់ផងដែរថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននាំខ្លួនម្ចាស់ហាង បារាយណ៍ស្ប៉ា ទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១៨ ខែមេសានេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ ករណីយុវតីម្នាក់បានស្លាប់ ដោយ​សារឆក់ខ្សែភ្លើង នៅក្នុងតំបន់កម្សាន្ត Pub Street ហើយរកឃើញថា ម្ចាស់ហាងម៉ាស្សាខាង​លើ ដោយបានធ្វេសប្រហែសធ្ងន់ធ្ងរ ខណៈបានរាយខ្សែភ្លើងមិនត្រឹមត្រូវ ទើបបណ្តាលឱ្យមានករណី ឆក់យុវតីម្នាក់នោះស្លាប់។

សូមរម្លឹកផងដែរថា ក្មេងស្រស់ដ៏ស្អាតម្នាក់មាន ឈ្មោះ លី មុនីរដ្ឋានី អាយុ១៤ឆ្នាំ មានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារឆក់ខ្សែភ្លើង នៅតំបន់កម្សាន្ត Pub Street ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ ឈានចូលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខណៈរូបគេកំពុងតែរាំ និង បាញ់ទឹក លាបម្សៅកម្សាន្ត ជាមួយបងស្រីបង្កើត ឈ្មោះ តារា ម្នាក់ឈ្មោះ ស្រីនាថ។ក្រោយពីកើតហេតុឆក់ខ្សែភ្លើង​នេះ សមត្ថកិច្ចបាននាំក្មេងស្រីរងគ្រោះ យកទៅ ជួយសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ប៉ុន្តែជាអកុសលហួសពេលទៅហើយ ដោយសារជនរងគ្រោះបានស្លាប់បាត់បង់ជីវិតនៅ​ហ្នឹង​កន្លែង រួចទៅហើយ ៕ ប៊ុនរិទ្ធី​


ចែករំលែក៖