ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួន ឆម វាសនា មេការឈ្មួញឈើដ៏ធំឈ្មោះ ស៊ី ស ល្បីពេញខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មុននេះបន្តិច កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បាននាំខ្លួនជនត្រូវចោទ ឆម វាសនា ដែលជាមេការឈ្មួញឈើឈ្មោះ ស៊ី ស ប្រចាំខេត្តកំពង់ស្ពឺ ជាជនជាតិវៀតណាម និងជាកូនប្រសារលោក ឆេង ឡុង ដែលមានឈ្មោះបោះសំឡេងក្នុងមុខរបរឈើខុសច្បាប់ ក្នុងខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ក្នុងការប្រមូលទិញ និងដឹកជញ្ជូនទៅប្រទេសវៀតណាម តាមច្រកតន់ហន់ ខេត្តកំពត ច្រកបាក់ដៃ ខេត្តតាកែវ នេះជាដើម ។

មតិអះអាងថា ការនាំខ្លួនជនត្រូវចោទ ឆម វាសនា គឺអនុវត្តតាមដីកាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បន្ទាប់ពីជនត្រូវចោទរូបនេះ ពាក់ព័ន្ធទៅនឹងបទល្មើសព្រៃឈើ ហើយត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ឈើក្នុងបទល្មើសជាក់ស្តែង ឆែកឆេរលំនៅឋានរបស់ឈ្មោះ ឆេង ឡុង ដែលត្រូវជាឪពុកក្មេកមេឈ្មួញឈ្មោះ ស៊ី ស កាលពីជាង១ខែមុន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយឈ្មោះ ស៊ី ស ដែលជាមេឈ្មួញ ក៏បានគេចខ្លួនមួយរយៈទៅប្រទេសវៀតណាម ។

គេបានទម្លាយផងដែរថា បន្ទាប់ពីកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺនាំខ្លួនជនត្រូវចោទស៊ី ស ទៅសាលាដំបូងខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នេះ អាចនឹងមានជនពាក់ព័ន្ធជាច្រើនទៀត ក្នុងបទល្មើសឈើខុសច្បាប់ បើទោះជាឈ្មោះ ស៊ី ស មិនបានឆ្លើយ ក៏គេកំណត់មុខសញ្ញារួចទៅហើយ ទៅលើក្រុមជនពាក់ព័ន្ធ ជាមួយឈ្មួញស៊ី ស ។

គួររំលឹកថា បើទោះជាមានការបង្ក្រាបដោយសមត្ថកិច្ចចាប់ឈើជាច្រើនទីតាំងនៅខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ក៏ដូចជាតាមបណ្តាច្រកមួយចំនួនទៅប្រទេសវៀតណាម ប៉ុន្តែដោយសារឥទ្ធិពលទឹកប្រាក់ ឈ្មោះ ស៊ី ស មិនត្រូវបានចាប់ខ្លួន និងមានវត្តមានក្នុងការបោះលុយ​ឲ្យដៃជើងរបស់ខ្លួនចាំប្រមូលទិញឈើក្នុងខេត្តពោធិ៍សាត់ដឹកជញ្ជូនមកស្តុកទុកនៅកំពង់ស្ពឺ និងបន្តឆ្លងទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង មានទាំងពេលយប់ និងពេលថ្ងៃ នៅចំពោះក្រសែភ្នែកសមត្ថកិច្ចជាច្រើនស្ថាប័ន ជាពិសេសឈ្មួញរូបនេះ មានទំនាក់ទំនងខ្ពស់ជាមួយនឹង មេៗខាងលើផងដែរ ។
ប្រភពគួរឲ្យជឿទុកចិត្តបានឲ្យដឹងថា ខណៈសមត្ថកិច្ចនាំខ្លួនឈ្មោះ ឆម វាសនា កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧នោះ មេក្លោងឈ្មោះ ស៊ី ស ក៏មានវត្តមាននៅខេត្តកំពង់ស្ពឺនោះដែរ ប៉ុន្តែឈ្មួញរូបនេះ ជំរុញឲ្យសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឆម វាសនា ដែលជាមេការរបស់ខ្លួន ហើយ ស៊ី ស នេះ ធានាអះអាងថា ចាំចេញមុខ រត់ការដើម្បីដោះឈ្មោះ ឆម វាសនា ជាក្រោយ ។

បើមានរឿងបែបនេះមែន គឺមិនត្រូវត្រូវទាល់តែសោះ ពីព្រោះថា ឈ្មោះ ស៊ី ស គឺជាមេក្លោង និងស្ថិតនៅក្នុងសំណុំរឿងដែលត្រូវនាំខ្លួននេះផងដែរ ដូច្នេះ សមត្ថកិច្ច គួរបន្តនីតិវិធី អនុវត្តតាមដីកាសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីនាំខ្លួនឈ្មោះ ស៊ី ស នេះទៅសាលាដំបូង ៕ លក្ម្សី


ចែករំលែក៖