ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចររវាងម៉ូតូបុករថយន្តពីក្រោយ បណ្តាលឲ្យបាត់បង់អាយុជីវិតម្នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិឧទុម្ពរ ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបង្កឡើងដោយម៉ូតូម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ AB3059 បើកបរដោយឈ្មោះ សុខលីម ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ) បានបើកទៅបុករថយន្តពីក្រោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A4443 ពីក្រោយ អ្នកបើករថយន្ដចុះរត់គេចខ្លួនបាត់ស្រមោលមិនស្គាល់អត្តសញ្ញាណ។
សមត្ថកិច្ចអះអាងថា ករណីនេះ កើតឡើងដោយសារមូលហេតុបើកម៉ូតូក្នុងស្ថានភាពស្រវឹងម៉ូតូ គ្មានភ្លើង(ប្រើភ្លើងកែវ) រួមផ្សំរថយន្តចតមិនដាក់សញ្ញាត្រឹមត្រូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង និងប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារ រីឯវត្ថុតាងបានប្រមូលយកទៅ រក្សាទុកនៅប៉ុស្ដិនគរបាលស្រឡៅ បន្ដស្រាវជ្រាវរកម្ចាស់រថយន្ដឲ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់ ៕ ប៊ុន រិទ្ធី