ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាសហការជាមួយប៉ុស្តិ៍ព្រែកលៀបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតបានថ្នាំញៀន២១កញ្ចប់និងម៉ូតូ១គ្រឿង

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដកហូតបានថ្នាំញៀន២១កញ្ចប់ ក្នុងនោះមាន១កញ្ចប់ធំ និងម៉ូតូ១គ្រឿង កាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅតាមផ្លូវលំ ក្រុមទី៨ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

សមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនមានឈ្មោះសេង កិត្យា អាយុ៣៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោកឯក សេរីវុធ អធិការរងនគរបាលខណ្ឌជ្រោយចង្វា បានឲ្យដឹងថា ករណីបង្ក្រាបជនជួញដូរគ្រឿងញៀននេះ បានធ្វើឡើងបន្ទាប់ពីកម្លាំង នគរបាលខណ្ឌ បានបន្តស៊ើបអង្កេត ហើយកំណត់បានមុខសញ្ញា ទើបមកដល់រសៀលថ្ងៃនេះ បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ដើម្បីបើកកិច្ចសហប្រតិបត្តិការ ឈានទៅបង្ក្រាបបានតែម្ដង ដោយដកហូតបានថ្នាំញៀនចំនួន២០កញ្ចប់តូច និងមួយកញ្ចប់ធំ រួមជាមួយម៉ូតូ១គ្រឿង ម៉ាកសង់ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1B-0040 ដែលជាមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យ ដើម្បីចរាចរគ្រឿងញៀន រួម និងដកហូតបានប្រាក់រៀលមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវនាំមកសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖