ខេត្តរតនគិរី៖ មន្រ្តីនគរបាលវរៈការពារព្រំដែនម្នាក់ ខណៈកំពុងដេកក្នុងអង្រឹង ស្រាប់តែមានជនមិនស្គាល់មុខប្រើកាំភ្លើង AK បាញ់១គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រម៉ាស់ ហ្វាង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ ច្រាយ មុខរបរមន្រ្ដីនគរបាលវរៈការពារព្រំដែនលេខ 623។ ជនរងគ្រោះត្រូវជនមិនស្គាល់មុខបាញ់ប៉ុនប៉ងសម្លាប់គ្រាដែលជនរងគ្រោះកំពុងដេកលេងនៅក្នុងអង្រឹងមុខផ្ទះ។
មន្រ្តីដដែលបានបន្តថា ជនសង្ស័យបានបាញ់ជនរងគ្រោះក្នុងចម្ងាយប្រហែល១៥ម៉ែត្រ ដោយប្រើអាវុធប្រភេទAK ស្វាយបត់ចំនួន១គ្រាប់ បណ្ដាលឲ្យត្រូវចំកំភួនដៃខាងស្ដាំធ្លាយមកត្រូវពោះ ហើយជនសង្ស័យក៏គេចខ្លួនបាត់តែម្ដង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបរកែវភ្លាមៗក្រោយពីកើតហេតុ។
ករណីខាងលើនេះ បើតាមការសន្និដ្ឋានជំហានដំបូងពីសមត្ថកិច្ចជំនាញថា អាចជាករណីគំនុំរវាងជនដៃដល់ និងជនរងគ្រោះ ហើយក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងប្រមូលវត្ថុតាងដូចជា ក្បាលគ្រាប់ និងសម្បកគ្រាប់ដើម្បីស្រាវជ្រាវរកជនដៃដល់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕ សហការី