ខេត្តកណ្តាលៈ បន្ទាប់ពីមានករណីក្រុមចោរធ្វើសកម្មភាពគាស់ផ្ទះអាជីវករម្នាក់នៅឃុំសំពៅពូនរួចមក សមត្ថកិច្ចនគរបាលស្រុកកោះធំបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់បានជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងរឿងចាត់ការតាមច្បាប់ ។
ករណីលួចគាស់ផ្ទះអាជីវករនេះបានកើតឡើងតាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៧និង៣០នាទី នៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ គ្រាដែលម្ចាស់ផ្ទះមិននៅរវល់ទៅសែនឆេងម៉េង ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ យ៉ុម ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ទី២-ឈ្មោះ ចាន់ថា សុជាតិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ទី៣-ឈ្មោះ លន លីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ។ ចំណែកឯបក្ខពួក២នាក់ទៀតដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាពអស់ហើយ ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ឃុន លាងឆេង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអាជីវករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ។ ជនរងគ្រោះបានអះអាងប្រាប់សមត្ថកិច្ចនគរបាលថា ទ្រព្យសម្បត្តិនៅក្នុងផ្ទះដែលត្រូវបានក្រុមចោរលួចយកទៅនោះរួមមាន៖ ខ្សែដៃមាស០២ខ្សែ ទម្ងន់០៣តម្លឹង ,ខ្សែដៃប្លាកទីន០១ខ្សែ ,ខ្សែកប្លាកទីន០១ខ្សែ ,ចិញ្ចៀនប្លាកទីន០២វង់ ,ក្រវិលប្លាកទីន០១គូ ,សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០៣សន្លឹកផងដែរ ។
មន្ត្រីនគរបាលស្រុកកោះធំបានបញ្ជាក់ថា បន្ទាប់ពីមានករណីចោរចូលធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋរួចមក សមត្ថកិច្ចនគរបាលស្រុកកោះធំ បានចុះធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុ ដកហូតវត្ថុតាងពាក់ព័ន្ធរួមមាន៖ ចង្ក្រានដី០១ ,ដំបងឈើត្នោត០១កំណាត់ ប្រវែង១២៨ស.ម ទទឹង១២ស.ម និងមេសោរទ្វារបន្ទប់ចំនួន០១ ។ ក្រោយពីធ្វើការដកហូតវត្ថុតាង និងចម្លើយបំភ្លឺពីសាក្សីជុំវិញផ្ទះជនរងគ្រោះ សមត្ថកិច្ចនគរបាលស្រុកកោះធំឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះជាបន្តបន្ទាប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ គួរំឮកថា ករណីក្រុមចោរចូលគាស់ផ្ទះបានកើតឡើងគ្រាដែលជនរងគ្រោះជាម្ចាស់ផ្ទះមិននៅ រវល់ទៅជួបជុំគ្រួសារសែនផ្នូរដូនតា ៕ស្អាងជ័យ