ខេត្តពោធិ៍សាត់៖ បុរសម្នាក់យ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺរថយន្តពាក់ស្លាកលេខ រដ្ឋ 36 បើកលឿនដូចហោះបុកពេញទំហឹង រួចព្យាយាមបើករត់គេចរហូតដល់ខេត្តកំពងុឆ្នាំងទើបចាប់បានប្រគល់ត្រឡប់មកវិញ ប៉ុន្តែអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោលដដែល ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៥០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥២-១៥៣ ស្ថិតក្នុងភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងរបួសឈ្មោះ ពត សុង ភេទប្រុស អាយុ ៥២ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់) បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗ ។
លោក វរសេនីយ៍ត្រីបន្តថា ជនរងរបួសបានធ្វើដំណើរថ្មើរជើងឆ្លងផ្លូវជាតិលេខ ៥ ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង ខណៈនោះស្រាប់តែមានរថយន្ត ១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 36 2.0608 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើតក្នុងល្បឿនលឿន លុះមកដល់កើតហេតុក៍បានបុកពេញទំហឹងបណ្ដាលឲ្យដួលបោករងរបួសតែម្តង ចំណែករថយន្តឃើញហេតុការណ៍បែបនេះបានបន្ថែមល្បឿនយ៉ាងឃ្មល់ខ្មាញទៅទិសខាងកើត ប៉ុន្តែដោយកម្លាំងសមត្តកិច្ចទទួលបានព័ត៌មានច្បាស់បោះដៃសហការជាមួយ កម្លាំងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ស្ទាក់ឃាត់ចាប់បានតែអ្នកបើកបរបានបើកទ្វារចុះរត់គេចបាត់ស្រមោល។
លោក អធិការនគរបាលស្រុកក្រគរបន្តទៀតថា វត្តុតាង រថយន្តបង្ក សមត្ថកិច្ចនគរបាលស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកក្រគរហើយ ដើម្បីរក្សាទុកជាបណ្ដោះអាសន្នរង់ចាំប្រគល់ឲ្យការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ អនុវត្តន៍តាមនីតិវិធី៕ ប៉ឹម ពិន