នាវាមុជទឹក៤គ្រឿងរបស់អាមេរិកដើរដោយថាមពលបរមាណូ ពេលនេះអាចចូលដល់ឧបទ្វីបកូរ៉េ ដែលបំពាក់កាំជ្រួចមីស៊ីល Tomahawk ដល់ទៅ៧០០ដើម អាចកម្ទេចកូរ៉េខាងជើងទាំងស្រុង ។
អ្នកឯកទេសយោធា និងជានិពន្ធនាយក ទស្សនាវដ្តី National Defense លោក Igor Korotchenko បានបញ្ចាក់ថា ការដែលអាមេរិកវាយប្រហារកូរ៉េខាងជើង អាចនឹងកើតឡើង នៅពេលអនាគត ។
តាមការបញ្ជាក់របស់លោក Igor Korotchenko គម្រោងរបស់ប្រធានាធិបតី ត្រាំ គឺពិបាកស្មានជាមុន អាចនឹងសម្រេចក្នុងរយៈពេលខ្លីបំផុត ដូចវាយប្រហារមីស៊ីលនៅស៊ីរី ។ ទាំងនោះហើយការវាយប្រហារកូរ៉េខាងជើង អាចនឹងកើតឡើងគ្រប់ពេលវេលា ។ លោកបន្តទៀតថា «ប្រសិនបើលោកត្រាំ រមាស់ដៃនោះ ឬក៏មិនអាចទប់កំហឹងនឹងការឌឺដងរបស់កូរ៉េខាងជើង លោកនឹងបើកការវាយប្រហារ ជាមិនខាន ។
អ្នកឯកទេសខាងលើបានបញ្ជាក់ទៀតថា ប្រសិនបើវាយប្រហារអាមេរិក ប្រើប្រាស់មីស៊ីល Tomahawk ៧០០ដើម វាយប្រហារក្នុងពេលតែមួយ កម្ទេចទីតាំងសំខាន់ៗរបស់កូរ៉េខាងជើង ទាំងស្រុង មិនឲ្យប្រទេសនេះតដៃបានឡើយ។ ពេលនេះអាមេរិក បានបញ្ជូននាវាមុជទឹកចូលទៅកាន់សមុទ្រជប៉ុន ដោយស្ងាត់ៗ ។
លោក Igor Korotchenkoបញ្ជាក់ទៀតថា ភាពគ្រោះថ្នាក់មិនស្ថិតនៅលើនាវាមុជទឹកនោះឡើយ គឺស្ថិតនៅលើ កាំជ្រួចមីស៊ីល៧០០ ដែលអាចកម្ទេចទីតាំងសំខាន់ៗ របស់កូរ៉េខាងជើង។ នៅក្នុងចំណោមនាវាមុជទឹកនិមួយៗ មានកាំជ្រួចមីស៊ីល 154ដើម ក្រៅពីនេះ នៅមាននាវាចម្បាំងជាច្រើនគ្រឿងទៀត ដែលអាច បាញ់មីស៊ីលទៅលើកូរ៉េខាងជើង ពីគ្រប់ទិសទី។
អាចនិយាយបានថា អាមេរិកពេលនេះបានត្រៀមលក្ខណៈរួចរាល់ សម្រាប់វាយប្រហារកូរ៉េខាងជើង ប៉ុន្តែអាមេរិកមិនទាន់មានហេតុផលណាមួយសមស្របក្នុង ការវាយប្រហារ ដូចនៅក្នុងប្រទេសស៊ីរី ។
ក្រុមអ្នកវិភាគលើកឡើងថា ប្រសិនបើកូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរជាលើកទី៦នោះ អាមេរិកអាចនឹងវាយប្រហារកូរ៉េខាងជើង ភ្លាមៗ ។ ដោយសារតែការព្រមានរបស់អាមេរិកទៅលើកូរ៉េខាងជើងគ្រប់គ្រាន់ហើយ ។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំធ្លាប់បានលើកឡើងថា ពេលវេលាពិភាក្សាជាមួយកូរ៉េខាងជើង មិនមានទៀតទេ មានតែធ្វើសកម្មភាពប៉ុណ្ណោះ ទើប អាចរារាំងប្រទេសនេះមានគ្រាប់បែកបរមាណូ ៕ ម៉ែវ សាធី