ខេត្តកំពត ៖ ក្រុមប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្ត កំពតបានឲ្យដឹងកាលពីពេលថ្មីៗនេះថា មេឃុំរបស់ពួកគាត់បានបើកសង្វៀនបញ្ជល់ មាន់ និងល្បែងស៊ីសងផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាច្រើនខែមកហើយ ប៉ុន្តែគេមិនដែលឃើញសមត្ថកិច្ចមានចំណាត់ការទប់ស្កាត់ឡើយ ។
ក្រុមអ្នកភូមិបានលើកឡើងថា លោក សេង ឈិន មេឃុំព្រែកក្រឹសបានបើក សង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងបៀ ដោយប្រគល់ទៅឲ្យកូនឈ្មោះ សេក ប៊ុនធឿន ហៅចូក ជាអ្នកមើលការខុស ត្រូវ ហើយនៅទីនេះមានការស៊ីសងចាញ់ ឈ្នះរហូតដល់ខ្ទង់ម៉ឺនដុល្លារ ប៉ុន្តែខាង សមត្ថកិច្ចដូចជាអធិការ និងអភិបាលស្រុក ហាក់ដូចជាមិនដែលអើពើឡើយ ។
សេចក្ដីរាយការណ៍បន្ថែមថា ផ្លូវទៅកាន់ទីតាំងលេងល្បែងនោះត្រូវបានគេយាមការពារដាក់បារាស ដែលធ្វើឲ្យអារម្មណ៍អ្នកលេងមានសុវត្ថិភាពបំផុត ។
លោក សេង ឈិន មេឃុំព្រែកក្រឹសបានថ្លែងទទួលស្គាល់ថា លោកពិតជាបានបើកបនល្បែងដូចពលរដ្ឋលើកឡើងមែន តែ ឥឡូវលោកនឹងបញ្ឈប់វាកុំឲ្យមានរឿងវែងឆ្ងាយទៀត ព្រោះលោកជាមេឃុំផង។
ចំណែកលោក គុំ ស៊ីណាត អភិបាល ស្រុកកំពង់ត្រាចបានឲ្យដឹងថា លោកមេឃុំ ព្រែកក្រឹសពិតជាបានបើកបនល្បែងនៅ ចំណុចខាងលើមែន ហើយនៅមុនចូលឆ្នាំ លោកក៏បានបញ្ជាឲ្យកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ និងកម្លាំងអធិការដ្ឋានស្រុក ចុះទៅបង្ក្រាបដែរ តែលោកមេឃុំនៅតែ បន្ដ ។ យ៉ាងណាក៏ដោយលោកថានឹងមាន ចំណាត់ការជាថ្មីទៀត បើសិនជាវង់ល្បែងនោះនៅតែបន្តសកម្មភាព ៕ ហេង នរិន្រ្ទ