ខេត្តសៀមរាប៖ ពិធីកាត់ខ្សែបូបើក សម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផល ក្នុងវត្តអារញ្ញសាគរមានខ្លោងទ្វារនិងផ្លូវ ក្រួសក្រហមនារសៀលថ្ងៃសៅរិ៍ ទី២២ ខែមេសា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី១១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព. ស. ២៥៦១ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាបលោកជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការ ចូលរួមពីសំណាក់លោក លោកស្រី ប្រជា ពលរដ្ឋ លោកតា លោកយាយនិងលោក គ្រូ អ្នកគ្រូ និសិ្សត សិស្សានុសិស្ស យ៉ាង ច្រើនកុះករផងដែរ ។
តាមរបាយការណ៍សាងសង់របស់ ព្រះតេជគុណ ហ៊ាក់ គឹមហ៊ត់ ព្រះគ្រូចៅ អធិការវត្តអារញ្ញសាគរបានមានថេរដីកា បញ្ជាក់ថា សមទ្ធិផលក្នុងទីវត្តត្រូវបានកសាង ចាប់ពីឆ្នាំ២០១៥ មកដល់ ដើមឆ្នាំ២០១៧ រួមមានខ្លោងទ្វារ ផ្លូវចាក់បេតុង និងផ្លូវក្រួសក្រហមអស់ទឹកប្រាក់សរុប៥២ពាន់ដុល្លារ ក្រោមកម្លាំងសាមគ្គីរបស់បងប្អូនពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុងនិង ក្រៅស្រុកផងដែរ។ ក្នុងនោះដែរព្រះគ្រូចៅអធិការវត្តក៏បានលើកឡើងផងដែរអំពីការជួសជុល ព្រះវិហារដែលចាស់ទ្រុឌទ្រោមដោយ ព្រះវិហារនេះមានអាយុកាល១៩០ឆ្នាំ ហើយត្រូវបានធ្វើការជួសជុល ក្រោមកិច្ចសហការជាមួយអាជ្ញាធរអប្សរាលើការងារបច្ចេកទេស ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្តរួច មកលោកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប ក៏បានបញ្ជាក់ថា ក្នុងយុគសម័យដ៏ខ្មៅងងឹតនិង ជូរចត់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពតគ្រប់រចនាសម្ព័ន្ធជាតិត្រូវបានបំផ្លាញស្ទើរគ្មានសល់ ។ ម៉្យាងទៀតរចនាសម្ព័ន្ធវិស័យសាសនា ត្រូវបានកម្ទេចគ្មានសល់ ហើយទីវត្តអារាមដែលជាទីសក្ការៈគោ រពបូជារបស់ប្រជាពុទ្ធបរិស័ទ បានក្លាយជាមន្ទីរឃុំឃាំង ទីកន្លែងកាប់សម្លាប់។ក្នុងពិធីសម្ពោធសមិទ្ធផលក្នុងវត្តអារញ្ញសាគរនេះ គឺជាសមិទ្ធផលកើតឡើងដោយគុណបុណ្យថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបន្ទាប់ពីផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្ងៃ៧ ខែ មករានេះក៏ជាថ្ងៃកំណើតទី២របស់យើង ទាំងអស់គ្នា ជាថ្ងៃដែលយើងមានជីវិតរស់ឡើងវិញធ្វើឱ្យប្រទេសកម្ពុជាទាំងមូល បានរួចផុតពីសង្គ្រាមរ៉ាំរ៉ៃ ក្រោមគោលនយោបាយឈ្នះ=ឈ្នះ របស់រដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នបានធ្វើឲ្យមានការប្រែក្លាយពីតំបន់ប្រយុទ្ធទៅជាមានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រនិង អាណាចក្រទៀតផង។
លោក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សំខាន់សិស្សានុសិស្សជាយុវជនដែលជាធនធានសម្រាប់អភិវឌ្ឍសង្គមជាតិ ខិតខំសិក្សារៀនសូត្រ ហើយព្រះសង្ឃបានលះបង់កម្លាំងកាយចិត្តបូជាចំពោះព្រះរតនត្រ័យនិងជួយអប់រំ បណ្តុះបណ្តាលធនធានមនុស្សក្នុងការអប់រំសីលធម៌ ចរិយាធម៌ដ៏ល្អទៀតផង។
ក្នុងនោះដែរលោកឧកញ៉ាបណ្ឌិត សៀង ណាំ បានបរិច្ចាគនូវថវិកា ចំនួន ៧ពាន់ដុល្លារ ដើមី្បទិញ ក្បឿងប្រក់ព្រះវិហារ ដែលមានអាយុកាល១៩០ឆ្នាំ និង ចែកអំណោយដល់តាជីយាយជី ម្នាក់ៗក្រមា១ ថវិកា ៥ពាន់រៀល សិស្សានុសិស្សម្នាក់ៗ សៀវភៅ២ក្បាល ប៊ិច១ដើម ប្រាក់៤ពាន់រៀលនិង ប្រជាពលរដ្ឋ ម្នាក់ៗសារុង១ និងឧបត្ថម្ភដល់ប្រជាការពារនូវថវិកា១លានរៀល។
ក្នុងនោះសាលាខេត្តសៀមរាបបានចូលរួមបច្ច័យ១លានរៀល និងលោកស្រីទោមចន្ថានូផល្លាបច្ច័យ១លានរៀលសម្រាប់កសាងទីវត្តអារញ្ញសាគរនេះផងដែរ ៕ ប៊ុនរិទ្ធី