ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋសង្កាត់ទួលតាឯកប្រតិកម្មការសង់ស្ថានីយប្រេងគ្មានច្បាប់ទម្លាប់មួយក្បែរលំនៅឋានពួកគាត់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋ ប្រមាណជា៥០នាក់ តំណាងឲ្យ១០០ គ្រួសារ រស់នៅក្នុងភូមិអូរតាគាំ២ សង្កាត់ ទួលតាឯក ក្រុងបាត់ដំបងបានផ្ទុះការតវ៉ា ប្រឆាំងនឹងអ្នកមានលុយម្នាក់ លួចសាង សង់ស្ថានីយប្រេងមួយកន្លែងល្មើសទៅនឹងច្បាប់អនុញ្ញាត ដែលស្ថានីយប្រេងនេះអាចនឹងបង្កហានិភ័យចំពោះលំនៅឋានប្រជា ពលរដ្ឋក្បែរខាង ។

ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងស្ថានីយប្រេងខាងលើស្ថិតក្នុងក្រុមទី៥ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក មាន ម្ចាស់ឈ្មោះ ងិន ឆប ជាអតីតមន្ត្រីកងរាជអាវុធហត្ថស្រុកសំពៅលូន។ ទីតាំងមួយនេះបានសាងសង់ល្មើសច្បាប់ដែលកន្លងមកសុំត្រឹមតែសាងសង់កន្លែងលាងរថយន្ត និងប្តូរប្រេងម៉ាស៊ីនប៉ុណ្ណោះ តែឥឡូវបាន រីកដុះដាលទៅជាស្ថានីយប្រេង។

ប្រជាពលរដ្ឋបានបន្តថា ទីតាំងមួយនេះត្រូវបានម្ចាស់ជួលក្រុមជាងលួចធ្វើនៅពេលយប់ សូម្បីតែស៊ីទែនក៏ត្រូវបានដឹក យក មកកប់នៅពេលយប់ដែរ ។

លោក ឌី ពៅ អភិបាលរងក្រុងបាត់ដំបង ទទួលបន្ទុកផ្នែកបញ្ហាសាងសង់ និងជម្លោះ ដីធ្លីបានប្រាប់ថា ទីតាំងខាងលើបានធ្វើ សំណើសុំច្បាប់សាងសង់ត្រឹមជាកន្លែង លាងរថយន្ត និងប្តូរប្រេងម៉ាស៊ីនរថយន្ត ប៉ុណ្ណោះ តែពេលនេះត្រូវបានម្ចាស់ខាងលើល្មើសលួចសាងសង់ធ្វើជាស្ថានីយប្រេងទៅវិញ។ លោកថា ពេលនេះលោក និង ក្រុមកាងារ បានចុះផ្អាកការសាងសង់ជា បណ្តោះអាសន្នសិន ដើម្បីរង់ចាំការប្រជុំ គណៈបញ្ជាការឯកភាពស្រុកសម្រេចរុះរើនៅពេលក្រោយ ៕ សហការី


ចែករំលែក៖