ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់សិប្បកម្មកិនជ័រអេតចាយនៅសង្កាត់ឃ្មួញរំលោភយកចិញ្ចើមផ្លូវសាធារណៈធ្វើអាជីវកម្មពលរដ្ឋសំណូមពរអាជ្ញាធរជួយពិនិត្យមើល

ចែករំលែក៖

ភ្នំពេញ ៖ សិប្បកម្មកិនជ័រអេតចាយ មួយកន្លែង នៅតាមបណ្តោយផ្លូវបេតុង ក្រុមទី២ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កំពុង រំលោភ​យកចិញ្ចើមផ្លូវសាធារណៈដាក់បាវ អេតចាយជាច្រើនតម្រៀបលើគ្នាសម្រាប់ បម្រើអាជីវកម្មរបស់ខ្លួនយ៉ាងរលូន ដោយមិនខ្វល់អំពីផលប៉ះពាល់ផ្សេងៗទៅលើ ប្រជាពលរដ្ឋ ឬ សណ្តាប់ធ្នាប់សាធារណ នោះឡើយ ។ ចំពោះបញ្ហាទាំងអស់នេះ ពលរដ្ឋ សូមសំណូមពរដល់អាជ្ញាធរ សង្កាត់ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខ មេត្តាមានវិធានការទប់ស្កាត់ឲ្យខាងតែបាន ។

ជាក់ស្តែងរូបភាពនេះ ត្រូវបានភ្នាក់ងារសាព័ត៌មាននគរវត្ត របស់យើងថតបាន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០១៧ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់ក្បែរនោះ ។

ប្រជាពលរដ្ឋបានប្រាប់ថា ម្ចាស់ទីតាំង សិប្បកម្មកិនជ័រអេតចាយនេះ ជារឿយៗ តែងតែរំលោភយកចិញ្ចើមផ្លូវ ក៏ដូចជាទ្រូងផ្លូវសាធារណៈធ្វើជាកន្លែងស្តុកបាវអេត ចាយជាយូរខែឆ្នាំមកហើយ ដែលនាំឲ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅក៏ដូចជាបង្កការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃផងដែរ ។ រាល់បញ្ហាប៉ះពាល់ទាំងនេះមិនដឹងថា ទាំង អាជ្ញាធរសង្កាត់ឃ្មួញ និងអាជ្ញាធរខណ្ឌ សែនសុខទទួលព័ត៌មាននេះហើយ ឬនៅ នោះទេ បានជាបណ្តែតបណ្តោយឲ្យម្ចាស់ទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះដាក់បាវអេតចាយពាសវាលពាសកាលបាត់បង់ របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ រហូតមកដល់ពេលនេះ ។

ជាសំណូមពររបស់ពួកគាត់ សូមឲ្យ អាជ្ញាធរសង្កាត់ ជាពិសេសអាជ្ញាធរខណ្ឌសែនសុខផ្ទាល់តែម្តង មេត្តាមានវិធានការទប់ស្កាត់ឲ្យខាងតែបានចៀសវាងកើតមានផលប៉ះពាល់ផ្សេងៗបន្តទៀត ។

សូមបញ្ជាក់ថា កាលពីអំឡុងខែឧសភា ឆ្នាំ២០១៦ លោកស្រី ព្រុំ រដ្ឋា អភិបាលរង ខណ្ឌសែនសុខបានដឹកនាំមន្រ្តីជំនាញ សាលាខណ្ឌ ចុះធ្វើការត្រួតពិនិត្យ ព្រម ទាំងបានណែនាំម្ចាស់សិប្បកម្ម ត្រូវរៀបចំលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ចៀសវាងកើតមានផលប៉ះពាល់ផ្សេងៗទៅដល់ប្រជាពលរដ្ឋ ។

មន្ត្រីសាលាខណ្ឌសែនសុខបានប្រាប់ឲ្យ ដឹងថា មូលហេតុដែលនាំឲ្យលោកស្រី ព្រុំ រដ្ឋា តំណាងលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ដឹកនាំ មន្រ្តីជំនាញសាលាខណ្ឌចុះធ្វើការត្រួតពិនិត្យ ទីតាំងសិប្បកម្មកិនជ័រអេតចាយនេះ គឺដោយសារទទួលបានពាក្យបណ្តឹងពីបងប្អូនប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងសិប្បកម្មកិនជ័រអេតចាយមួយនេះ ប្រមាណ១៥គ្រួសារ ទទួលរងផលប៉ះពាល់ផ្សេងៗទៅដល់ការ រស់នៅរបស់ពួកគាត់ ជាពិសេសការរំខាន សំឡេងខ្លាំងៗទើបអាជ្ញាធរខណ្ឌសែនសុខ ចុះត្រួតពិនិត្យបែបនេះ ។

មន្ត្រីសាលាខណ្ឌសែនសុខបានប្រាប់ បន្តឲ្យដឹងទៀតថា ក្រោយពីចុះធ្វើការត្រួត ពិនិត្យទើបដឹងថា ទីតាំងសិប្បកម្មកិនជ័រ អេតចាយមួយនេះ មានច្បាប់អនុញ្ញាតត្រឹម ត្រូវពីមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជ ធានីភ្នំពេញ និងមន្ទីរបរិស្ថាន រាជធានី ភ្នំពេញ ហើយក្នុងនោះដែរ អាជ្ញាធរខណ្ឌក៏ បានណែនាំទៅដល់ម្ចាស់សិប្បកម្មចំនួន៣ចំណុចរួមមានចំណុចទី១ ម្ចាស់សិប្បកម្ម ត្រូវអនុវត្តតាមការណែនាំតាមកាលវេលា កំណត់ គឺចាប់ធ្វើការពីម៉ោង៧ព្រឹកដល់ម៉ោង១១ ថ្ងៃត្រង់ និងពេលល្ងាចចូល ធ្វើការចាប់ ពីវេលាម៉ោង១៤និង៣០នាទី រហូតដល់ វេលាម៉ោង១៧ និង៣០នាទី ចំណុចទី២ ម្ចាស់អាជីវកម្មត្រូវតែកែសម្រួលទីតាំងទៅតាមលក្ខណៈបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយសំឡេង ដែលខ្ទរចេញទៅរំខានដល់បងប្អូនប្រជាពលរដ្ឋ រស់នៅជិតខាង និងចំណុចទី៣ ត្រូវរក្សា សណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញ បរិវេណសិប្បកម្ម ដោយទុករយៈពេល មួយសប្តាហ៍ ដើម្បីឲ្យខាងម្ចាស់សិប្បកម្មកែសម្រួល ។ ផ្ទុយទៅវិញ បើម្ចាស់សិប្បកម្មមិនព្រមអនុវត្តតាមការណែនាំនោះទេអាជ្ញា ធរខណ្ឌនឹងធ្វើលិខិតស្នើទៅសាលារាជធានីមានវិធានការបន្តទៀត ៕ តុង សីហា


ចែករំលែក៖