ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ាណែត នាំយកថវិកាចំនួន៤០០.០០០.០០០រៀលប្រគល់ជូនសមាគមអតីតយុទ្ធជន

ចែករំលែក៖

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ នាំយកថវិកាដែលប្រមូលបានពីការរៀបចំកម្មព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមភូមិន្ទចំនួន៤០០.០០០. ០០០រៀល ប្រគល់ជូនសមាគមអតីតយុទ្ធជន សម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលខ្វះលទ្ធភាព និងចូលរួមគាំទ្រសកម្មភាពផ្សេងៗរបស់សមាគម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ។ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំសមាគម និងក្រុមការងាររៀបចំកីឡាកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត ។

លោកនាយឧត្តមសេនីយ៍ គន់ គីម និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារសិល្បករ សិល្បការិនី សប្បុរសជន គ្រប់ផ្នែកដែលពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋដែលបានចូលរួមរៀបចំកម្មវិធីព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាពេលកន្លងទៅឱ្យទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ ហើយសកម្មភាពទាំងនេះគឺបានគាំទ្រដល់សមាគមអតីតយុទ្ធជនសំដៅចូលរួមលើកកម្ពស់ទាំងជីវភាព និងកិត្តិយសអតីតយុទ្ធជនដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមិនដែលបំភ្លេចចំពោះអតីតយុទ្ធជន ដូចមតិខ្លះដែលបានលើកឡើងនោះទេ។ ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលមិនបានគិតគូយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ប៉ុន្តែសកម្មភាពជាក់ស្តែងរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើកម្ពស់កម្រិតកម្រិតជីវភាព មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជន ដែលបញ្ចប់ភារកិច្ចជាកងទ័ពក៏ដោយ តាមរយៈការឧបត្ថម្ភនូវគោលរបប ការតម្លើងប្រាក់បៀវត្ស ការផ្តល់ដីសម្បទានសង្គមកិច្ច ការសាងសង់ផ្ទះ ដល់អតីតយុទ្ធជន ដែលមានជីវភាពលំបាក និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ជាលទ្ធផលបង្ហាញឱ្យឃើញ បច្ចុប្បន្នសមាគមបានសាងសង់ផ្ទះជូនដល់អតីតយុទ្ធជនដែលខ្វះលទ្ធភាពបានចំនួន ៣៩៤ខ្នងនៅក្នុង២៥រាជធានីខេត្ត និងកំពុងសិក្សាលទ្ធភាពជាក់ស្តែងក្នុងការផ្តល់ដីសម្បទានសង្គមកិច្ចដល់អតីតយុទ្ធជនដែលមានជីវភាពលំបាកផងដែរ ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា «យើងមិនអាចដោះសា្រយតម្រូវការជូនអ៊ំ ពូ មីង អតីតតយុទ្ធជនបានគ្រប់តម្រូវការទាំងអស់បានទេ ប៉ុន្តែរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន បាននឹងកំពុងបង្កើតយន្តការ និងមធ្យោបាយផ្សេងៗ ដើម្បីដោះស្រាយតម្រូវការ និងជួយអតីតយុទ្ធជន យោធិនពិការ ជាបន្តបន្ទាប់ សំដៅលើកកម្ពស់ទាំងជីវភាព និងកិត្តិយស ។

គួររំលឹកថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទគឺជាព្រឹត្តិការណ៍ថ្មីមួយដែល មានការប្រគុំតន្រ្តីនៅពេលរាត្រីទាំង៣ថ្ងៃ ការប្រកួតកីឡាកងទ័ព និងការតាំងពិព័រណ៍កងទ័ព និងពិព័រណ៍ពាណិជ្ជកម្មត្រូវបានរៀបចក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦ ទី៧ និងទី៨ ខែមករា ឆ្នាំ២០១៧ កន្លងនៅមជ្ឈមណ្ឌលកោះពេជ្រក្នុងគោលបំណង៤សំខាន់ៗគឺ រំលឹកខួបទិវាជាតិ៧ មករា ១៩៧៩ – ៧ មករា ២០១៧ ប្រមូលថវិកាគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនដើម្បីរំលឹកគុណដល់អតីតយុទ្ធជនកម្ពុជា ដែលបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិ មាតុភូមិ។ លើសពីនេះកីឡាយោធានេះគឺចង់ធ្វើឱ្យប្រជាជនយល់និងផ្តល់តម្លៃនៃការចូលរួមរបស់កងទ័ពនៅក្នុងការថែរក្សាសុខសន្តិភាពនិងចូលរួមអភិវឌ្ឍប្រទេសជាតិនិងពង្រឹងទំនាក់ទំនងរវាងកងទ័ពនិងប្រជាជន ៕ សារីម


ចែករំលែក៖