ប្រទេសថៃ៖ កុមារីម្នាក់ ដែលទើបតែមានអាយុ៧ឆ្នាំ និងមានដើមកំណើតជាជនជាតិខ្មែរត្រូវបានស្ត្រីថៃសុំយកទៅចិញ្ចឹមតាំងពីតូចមកនោះ កំពុងរងទារុណកម្មលើរាងកាយយ៉ាងធ្ងន់និងព្រៃផ្សៃបំផុត ដែលករណីនេះ តម្រួតថៃកំពុងបើកការស៊ើបអង្កេត បន្ទាប់ពីស្ត្រីជាម្តាយចិញ្ចឹមបានបដិសេធថា មិនបានប្រព្រឹត្តអ្វីដែលអាក្រក់ទៅលើក្មេងស្រីនេះឡើយ។
បើតាមការរៀបរាប់ពីសាក្សីឈ្មោះ ឈុតម៉ាន់ ឡៃចំរើនកិច្ច ភេទស្រី អាយុ៤០ ឆ្នាំ រស់នៅក្បែរទីតាំងកើតហេតុក្នុងភូមិ៣ ឃុំបរវីន ស្រុកសិរីរ៉ាឆា ខេត្តឈុនបុរី ប្រទេស ថៃលើកំណាត់ផ្លូវលំលេខ៦បាននិយាយ ថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ គាត់បាន ឃើញកុមារីម្នាក់ឈ្មោះ ហ្វា (ប្រែថាមេឃ) អាយុ៧ឆ្នាំ ជាជនជាតិខ្មែរ ដែលស្ត្រីថៃម្នាក់ ឈ្មោះ តឿនចៃ មីរិន អាយុ៣៨ឆ្នាំ ត្រូវជា ម្តាយចិញ្ចឹមសុំកុមារីខ្មែរយកទៅចិញ្ចឹមនោះគឺនាងបានរត់ចេញ ព្រមទាំងមាន អាការយំស្រែកដោយក្តីឈឺចាប់ ។
ស្ត្រីខាងលើបានបន្តថា បន្ទាប់ពីឃើញហេតុការណ៍បែបនេះអ្នកស្រីក៏បានទូរស័ព្ទប្តឹងទៅសមត្ថកិច្ចថៃដើម្បីឲ្យចុះមកត្រួត ពិនិត្យចង់ដឹងថា តើមានបញ្ហាអ្វីកើតឡើងបានជាកុមារីនេះមានស្លាកស្នាមនិងរលាកពេញជើងដៃបែបនេះ?
ក្រោយពេលសមត្ថកិច្ចចុះមកដល់ទីតាំង កើតហេតុគឺបានពិនិត្យឃើញថា កុមារីនោះ មានស្នាមរលាកទឹកក្តៅលើជើងទាំងសងខាង មានស្លាកស្នាមរបួសពេញរាងកាយ និងក្បាលទៀតផងដោយស្នាមខ្លះជាស្នាមចាស់ ឯខ្លះទៀតជាស្នាមថ្មីៗ។ ដើម្បីចង់ដឹង ការពិតសមត្ថកិច្ចថៃបានចូលទៅសាកសួរស្ត្រីឈ្មោះ តឿនចៃ ជាបឋមសិនដែលនៅ ពេលនោះនាងបានឆ្លើយថា រាល់លើក កុមារនេះមិនពេញចិត្តលើរឿងអ្វីមួយគឺនាងតែងតែធ្វើបាបខ្លួនឯងជាប្រចាំ។ ដូចជានៅ មុនពេលកើតហេតុកុមារីនេះបានសុំលុយទៅទិញនំ តែនាងមិនឲ្យក៏ស្រាប់តែកុមារីដែលជាកូនចិញ្ចឹមបានស្ទុះទៅលើកឆ្នាំង ទឹកក្តៅកំពុងដាំពុះមកស្រោចលើជើងខ្លួនឯងបណ្តាលឲ្យរលាកតែម្តង ។
ទោះបីជាមានការសារភាពពីសំណាក់ម្តាយចិញ្ចឹមយ៉ាងនេះក៏ដោយបច្ចុប្បន្នសមត្ថ កិច្ចនៅមិនទាន់ជឿនៅឡើយទេ ដោយបាន នាំខ្លួនយកទៅសាកសួរបន្តទៀតនៅឯ ស្ថានីយតម្រួតស្រុកសិរីរ៉ាឆាដើម្បីឲ្យកាន់តែច្បាស់ពីការពិត។ រីឯកុមារីដែលមាន សញ្ជាតិជាខ្មែរនោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យកុមារក្នុងស្រុក ដែលនាងរស់នៅ ៕ សហការី