ខេត្តសៀមរាប៖ អធិការនគរបាលក្រុងសៀមរាបបានកោះហៅប្រធានមន្ទីរកសិកម្មខេត្តសៀមរាបឲ្យចូលទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃចន្ទទី២៤ ខែមេសា ជុំវិញករណីបាញ់កាំភ្លើងអនាធិបតេយ្យនៅក្នុងតំបន់សត្វស្លាបបឹងពារាំងដែលការពារដោយសហគមន៍បឹងទន្លេសាប។
ការកោះហៅប្រធានមន្ទីរកសិកម្មទៅសាកសួរនេះធ្វើឡើងបន្ទាប់ពីសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំង បានធ្វើរបាយការណ៍ដាក់ជូននគរបាល ប៉ុស្តិ៍ជ្រាវថា ក្រុមមនុស្សរបស់ប្រធានមន្ទីរកសិកម្មបានបាញ់កាំភ្លើងខ្លីជាច្រើនគ្រាប់នៅកន្លែងសត្វស្លាបកាលពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០១៧កន្លងទៅ។
មន្ត្រីនគរបាលអធិការដ្ឋាននគរបាលក្រុងសៀមរាបឲ្យដឹងថា គេខកខានមិនបាន សួរប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទៅតាមកាលវិភាគដែលគ្រោងទុក ទេកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។
ការមិនបានសាកសួរជុំវិញករណីបាញ់កាំភ្លើងអនាធិបតេយ្យនៅតំបន់សត្វស្លាបបឹងពារាំងដែលការពារដោយសហគមន៍ នេះដោយសារតែប្រធានមន្ទីរកសិកម្ម មិនបានចូលខ្លួនទៅតាមពេលវេលាដែលបានគ្រោងទុក ។
អធិការនគរបាលក្រុងសៀមរាបលោក ទិត្យ ណារ៉ុង បានមានប្រសាសន៍កាលពី រសៀលថ្ងៃទី២៤ ខែមេសាថា លោកបាន អញ្ជើញប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃដដែល ប៉ុន្តែលោក ទា គឹមសុទ្ធ ប្រធាន មន្ទីរកសិកម្មមិនបានចូលខ្លួនឡើយដោយប្រាប់ថាកំពុងរវល់នៅឯរាជធានីភ្នំពេញ។
លោកអធិការបានបន្តថា លោកមាន គម្រោងនឹងសាកសួរប្រធានមន្ទីរកសិកម្ម ខេត្តសៀមរាបជុំវិញករណីបាញ់កាំភ្លើងជាច្រើនគ្រាប់នៅតំបន់សត្វស្លាបបឹងពារាំង នៃបឹងទន្លេសាប ប៉ុន្តែនៅព្រឹកថ្ងៃទី២៤ ខែ េមសាប្រធានមន្ទីរកសិកម្មមិនបានចូល ខ្លួនឆ្លើយបំភ្លឺទេបែរជាបញ្ជូនមន្ត្រីម្នាក់ដែលមិនដឹងរឿងឲ្យទៅឆ្លើយជំនួសទៅវិញ ។
លោកអធិការបានបញ្ជាក់ថា បើទោះបី ជាពេលនេះប្រធានមន្ទីរកសិកម្មខេត្តសៀម រាបមិនបានចូលខ្លួនមកឆ្លើយបំភ្លឺករណី បាញ់កាំភ្លើងនៅតំបន់សត្វស្លាបនោះក៏ ដោយក៏សមត្ថកិច្ចនៅតែរក្សាជំហរសាកសួរករណីនេះនៅពេលក្រោយទៀត។
ចំណែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបលោក ទា គឹមសុទ្ធ បានបដិសេធថា រូបលោកមិនបានបាញ់ កាំភ្លើងនៅតំបន់សត្វស្លាបដូចការចោទ ប្រកាន់នោះទេ។ កាលពីថ្ងៃទី១៧ ខែ មេសា រូបលោក និងមន្ត្រីមួយចំនួនបានទៅតំបន់អភិរក្សត្រីពូជនៅបឹងពារាំងនៃ ទន្លេសាបមែនដោយសារតែចង់ដឹងថា តើសហគមន៍ដែលទទួលការពារតំបន់នោះ មានការរីកចម្រើនប៉ុនណា? ក្នុងពេល នោះរូបលោក និងមន្ត្រីក៏បានជិះទូកជាច្រើន គ្រឿងដើរមើលតំបន់អភិរក្សពូជត្រីនិង កន្លែងសត្វស្លាបហើយលោកមកដល់ដីគោកវិញមុនគេមិនដឹងថា តើអ្នកណាមួយជាអ្នកបាញ់កាំភ្លើងអនាធិបតេយ្យនោះឡើយ ។
សហគមន៍ទេសចរណ៍ វប្បធម៌ និងធម្ម ជាតិបឹងពារាំងឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសាលោក ទា គឹមសុទ្ធ ព្រមទាំងមន្ត្រីជាច្រើនបាននាំគ្នាទៅលេងកន្លែងអភិរក្សបឹងពារាំង។ នៅពេលនោះគេដឹងថា ក្រុម របស់លោក ទា គឹមសុទ្ធ បានយកសំណាញ់ ចំនួន៥ទៅជាមួយផង ប៉ុន្តែសហគមន៍ ដែលការពារបឹងពារាំងបានហាមឃាត់មិនឲ្យបង់ត្រីនៅទីនោះទេ។ សហគមន៍បាន អះអាងថា ប្រហែលជាក្រុមលោក ទា គឹមសុទ្ធ ខឹងរឿងមិនឲ្យបង់ត្រីទើបបានជាបាញ់កាំភ្លើងនៅទីនោះធ្វើឲ្យសត្វស្លាបជាច្រើនផ្អើល ។
ប្រធានសហគមន៍ទេសចរណ៍ វប្បធម៌ និងធម្មជាតិបឹងពារាំងលោក គង់ មង្គល មានប្រសាសន៍ថា នៅកន្លែងកើតហេតុក្រុម របស់លោកបានរកឃើញសំបកគ្រាប់ កាំភ្លើងខ្លីចំនួន៤គ្រាប់។ លោក គង់ មង្គល បញ្ជាក់ថា លោកមិនបានប្ដឹងផ្ដល់ករណី បាញ់អនាធិបតេយ្យនោះទេ ប៉ុន្តែលោក ចង់ឲ្យអ្នកបាញ់កាំភ្លើងនោះហ៊ានទទួល ខុសត្រូវចំពោះអំពើរបស់ខ្លួន ៕ ហេង សូរិយា