ខេត្តបាត់ដំបង៖ ពលរដ្ឋខ្មែរប្រុសស្រី២៤នាក់ រួមនឹងកូនតូចៗមួយចំនួនទៀត ត្រូវបានទាហានឈុតខ្មៅថៃ ក្នុងអង្គភាពកងរយលេខ៥២៦ ឈរជើងក្នុងស្រុកប៉ូណាំរ៉ង ខេត្តច័ន្ទបុរី ឈមនិងស្រុកកំរៀង ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ខណៈទាហានឈុតខ្មៅថៃ ដើរល្បាតតាមបន្ទាត់ព្រំដែនប្រទះឃើញពលរដ្ឋខ្មែរទាំងនោះ បានឆ្លងដែនចូលទៅក្នុងដីថៃសម្ងំលាក់ខ្លួននៅក្នុងព្រៃមួយកន្លែង ក្បែរព្រំដែនរវាងថៃ-កម្ពុជា រវាងស្រុកប៉ូណាំរ៉ង និងស្រុកកំរៀងនោះ ។
ការឃាត់ខ្លួនពលរដ្ឋខ្មែរដែនចូលដីថៃខុសច្បាប់ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ ក្រោយពេលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ បានបញ្ចប់ ហើយពលករខ្មែររាប់សិបនាក់នាំគ្នាឆ្លងដែនចូលទៅធ្វើការងារក្នុងប្រទេសថៃវិញ ។
ពលករខ្មែរទាំង២៤នាក់នោះ ទាហានឈុតខ្មៅថៃត្រួតពិនិត្យ គឺពួកគាត់គ្មានលិខិតឯកសារអ្វីទាល់តែសោះសម្រាប់ឆ្លងដែន ចូលទៅក្នុងប្រទេសថៃ។ ពលករខ្មែរទាំងនោះដែរ បន្ទាប់មកត្រូវបានទាហានឈុតខ្មៅមានការយោគយល់ ហើយក៏បានទំនាក់ទំនងសមត្ថកិច្ចការពារព្រំដែនកម្ពុជាឈរជើងក្នុងភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបង មកទទួលដើម្បីធ្វើការអប់រំពួកគាត់ហើយដោះលែងចូលក្នុងដីខ្មែរវិញ ។
ពាក់ព័ន្ធនឹងពលករខ្មែរឆ្លងដែនចូលដីថៃខុសច្បាប់ក្រោយថ្ងៃចូលឆ្នាំនេះផងដែរ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ កន្លងទៅថ្មីនេះៗ មានពលករខ្មែរប្រុសស្រីចំនួន៦៥នាក់ ត្រូវបានមេខ្យល់យកទៅបង្ខាំងទុកនៅក្នុងផ្ទះថ្មមួយកន្លែង នៅចំណុចផ្សាររុងក្លឿ ស្រុកអារញ្ញា ខេត្តស្រះកែវ ឈមនិងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនទៅគោលដៅណាមួយក្នុងប្រទេសថៃខុសច្បាប់ ត្រូវបានទាហានថៃឆ្មក់ចូលទៅរំដោះពលករខ្មែរទាំងនោះចេញពីកន្លែងបង្ខាំងទុកដើម្បីយកមកសាកសួរ និងបញ្ជូនពួកគាត់ទៅកាន់ស្ថានីយ៍តម្រួតអន្តោប្រវេសន៍ថៃ នៅស្រុកអារញ្ញ ខេត្តស្រះ ដើម្បីចាត់ចែងតាមនីតិវិធី ។ មកដល់ពេលនេះ ពលករខ្មែរ៦៥នាក់នោះ មិនដឹងពួកគាត់ត្រូវភាគីថៃចាត់ចែងតាមរបៀបណានៅឡើយនោះទេ ។ អ្នកយកព័ត៌មាននៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ បានទំនាក់ទំនង អគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ តាមទូរស័ព្ទឱ្យឆ្លើយបំភ្លឺផងដែរ ទូរស័ព្ទមិនអាចទំនាក់ទំនងបានឡើយ។ ចំណែកសាកសួរទៅខាងមន្រ្តីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកអន្តរជាតិប៉ោយប៉ត ក៏បានឆ្លើយមកវិញថា មិនដឹងនោះទេ ពីបញ្ហាពលករខ្មែរ៦៥នាក់នោះ ។
សូមបញ្ជាក់ថា ក្រោយពីរដូវចូលឆ្នាំប្រពៃណីខ្មែរបានបញ្ចប់ទៅហើយនោះ គេសង្កេតឃើញមានពលករខ្មែររាប់សិបនាក់កំពុងធ្វើដំណើរសម្រុកចូលធ្វការងារក្នុងប្រទេសថៃវិញ។ ពលករខ្មែរមួយចំនួនឆ្លងដែនចូលទៅស្របច្បាប់តាមច្រកអន្តរជាតិប៉ោយប៉ែត និងច្រកអន្តរជាតិដូងស្រុកកំរៀង ខេត្តបាត់ដំបង ដោយឡែកពលករខ្មែរមួយចំនួនទៀតដែលគ្មានលិខិតឯកសារឆ្លងដែនស្របច្បាប់ ក៏បាននាំគ្នាធ្វើដំណើរតាមច្រករបៀងព្រំដែនមួយចំនួនក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។ ការឆ្លងដែនខុសច្បាប់តាមច្រករបៀងមានសេចក្តីរាយការណ៍ឱ្យដឹងថា មានពលករខ្មែរមួយចំនួនធំបានរងការចាប់ខ្លួនពីទាហានថៃ ជាបន្តបន្ទាប់ផងដែរ ។ សេចក្តីរាយការណ៍ឱ្យដឹងទៀតថា រយៈពេលប្រហែលមួយសប្តាហ៍ចុងក្រោយនេះពលករខ្មែរដែលឆ្លងដែនចូលដីថៃ តាមច្រករបៀងត្រូវបានជាប់គាំង មិនចេញទៅបានឡើយ ដោយសារតែទាហានថៃបិទគ្រប់ច្រករបៀងទាំងអស់ ។ ពលករខ្មែរទាំងនោះ មួយចំនួនក៏ដេករង់ចាំនៅតាមគុម្ពោធព្រៃតាមខ្សែបន្ទាត់ព្រំដែន។ ក្រោយមកពួកគាត់រង់ចាំយូរថ្ងៃពេក ពលករខ្មែរមួយភាគធំ ក៏បានសម្រេចចិត្តធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ៕ សំ វិច្ឆិកា