ព័ត៌មានទាន់ហេតុការណ៍៖

ចិនអំពាវនាវឲ្យអាមេរិកនិងកូរ៉េខាងត្បូងបញ្ឈប់ការធ្វើសមយុទ្ធ

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានស្នើដល់អាមេរិកនិងកូរ៉េខាងត្បូងឲ្យ បញ្ឈប់ការធ្វើសមយុទ្ធយោធា ហើយលោក ក៏បានស្នើដល់កូរ៉េខាងជើង បញ្ឈប់កម្មវិធី បរមាណូផងដែរ ដើម្បីបញ្ចប់ភាពតានតឹងនៅឧបទ្វីបកូរ៉េ។

សារព័ត៌មាន AFP បានផ្សាយថា រដ្ឋ មន្ត្រីក្រសួងការបរទេសចិនលោកវ៉ាង យី បានបញ្ជាក់ថា ការដែលកូរ៉េខាងជើង សាក ល្បងអាវុធបរមាណូនោះ គឺជាការ បំពាន ច្បាប់របស់អង្គការសហប្រជាជាតិ ។ ចំណែក ការធ្វើសមយុទ្ធរបស់អាមេរិក និងកូរ៉េខាង ត្បូងវិញ ក៏មិនត្រឹមត្រូវនោះដែរ។ ហេតុផល តែមួយគត់ដែលកូរ៉េខាងជើង បន្តកម្មវិធី អាវុធរបស់ខ្លួននោះគឺដោយសារតែកូរ៉េខាងត្បូងនិង អាមេរិកនៅតែបន្តធ្វើសមយុទ្ធ មានចេតនាឈ្លានពានកូរ៉េខាងជើង។ ទាំង នោះជាហេតុផលដែលកូរ៉េខាងជើង ចាំបាច់ត្រូវតែផលិតអាវុធដើម្បីការពារ។

រដ្ឋមន្ត្រីការបរទេសចិនបានបញ្ជាក់នៅក្នុងសន្និសីទកាសែត នាទីក្រុង ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ជាមួយសមភាគី អាល្លឺម៉ង់ថា «សន្តិសុខ នៅក្នុងតំបន់ ពេល នេះពិតជាគ្រោះថ្នាក់ អាចបង្កឲ្យមានការ ផ្ទុះសង្គ្រាមគ្រប់ពេលវេលា »។

លោកវ៉ាង យី បន្តទៀតថា «យើងមិន ត្រូវ ប្រថុយនឹងគ្រោះថ្នាក់ឡើយ បើទោះ ជា១ភាគរយក្តី ក៏សង្គ្រាម វាបន្សល់នូវ លទ្ធផលដ៏អាក្រក់ហួសពីការស្មានដែរ»។

ការអំពាវនាវរបស់លោកវ៉ាង យី ធ្វើ ឡើងនៅពេលដែល អាមេរិកនិងកូរ៉េខាង ត្បូង ចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានទាហានប្រមានជាង ២០០០ នាក់ចូលរួម ស្ថិតនៅតំបន់ Pocheon ប្រទេសកូរ៉េខាងត្បូង។ សមយុទ្ធនោះធ្វើ ឡើងនៅជាប់តំបន់ស នៃប្រទេសទាំងពីរ មានចម្ងាយពីកូរ៉េខាងជើងតែ ៣០គីឡូ ម៉ែត្រប៉ុណ្ណោះ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ការធ្វើសមយុទ្ធ មាន រយៈពេល៤៥នាទី ដោយមានកាំភ្លើងធំ ជាង១០០គ្រឿង រថពាសដែក ៩០គ្រឿង និងយន្តហោះចម្បាំង៥០គ្រឿង។ នេះ ជាសមយុទ្ធបាញ់គ្រាប់ពិត ដែលមានការ សហការយ៉ាងខ្ពស់រវាងទាហានប្រទេសទាំងពីរ ។

សមយុទ្ធនោះកើតឡើងបន្ទាប់ពីកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដោយមានការត្រួតពិនិត្យពីមេដឹកនាំគីម ជុងអ៊ុន ផងដែរ។

នៅពេលនេះ នាវាផ្ទុកយន្តហោះអាមេរិក Carl Vinson បានធ្វើដំណើរមកដល់ចម្ងាយ ល្មម នៃការវាយប្រហារទៅលើប្រទេសកូរ៉េខាងជើងហើយ បន្ទាប់ពីខកខាន ដោយសារខុសបច្ចេកទេសទំនាក់ទំនងរវាងមន្ទីរបញ្ចកោណ នឹងមេបញ្ជាការនាវា។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែ មេសា ឆ្នាំ២០១៧ បានឲ្យដឹងថា នាវា Carl Vinson ជាមួយនឹងក្រុមនាវាពិឃាត កំពុងប្រុងជើងការ ខណៈប្រទេសកូរ៉េខាង ជើង កំពុងបង្កើនការគំរាមកំហែងនុយក្លេអ៊ែរ ដោយក្រុមរបស់នាវា ដឹកយន្តហោះ នោះ កំពុងស្ថិតនៅក្នុងដែនសមុទ្រហ្វុីលីពីន ភាគខាងកើតកោះអូគីណាវ៉ា ។ នេះបើ តាមឧត្តមនាវីឯកអាមេរិក លោក Harry Harris បានប្រាប់គណៈកម្មាធិការ សេវា កម្លាំងអាមេរិក នៅថ្ងៃពុធ ដែលជាពេល វេលាម៉ោងនៅអាមេរិក។

លោក Harry Harris បានបន្ថែមទៀត ថា នាវា Carl Vinson និងក្រុមនាវាពិឃាត២ គ្រឿងទៀត ដែលបំពាក់ទៅដោយមីស៊ីល គឺស្ថិតនៅក្នុងជំហរ ត្រៀមវាយប្រហារ ប្រសិនបើមានការកម្រើកនុយក្លេអ៊ែរ ពី សំណាក់ប្រទេសកូរ៉េខាងជើង ពេលដែល ទទួលបានបទបញ្ជា។ លោកថា «នៅក្នុង រយៈពេល ប៉ុន្មានថ្ងៃខាងមុខទៀតនេះ ខ្ញុំរំពឹងថា នឹងបន្តដំណើរ ឆ្ពោះទៅភាគខាង ជើង បន្តទៀត»។

សូមជម្រាបផងដែរថា កាលពីពីរសប្តាហ៍ មុន រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis បាននិយាយថា Carl Vinson គឺកំពុងស្ថិតនៅក្នុងដំណើរ ឆ្ពោះទៅកូរ៉េ ខាងជើង ហើយពេលនេះជាពេលវេលា ដែលត្រូវប្រុងប្រយ័ត្ន។ ចំណែកលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកវិញ ធ្លាប់បានផ្តល់បទសម្ភាសន៍ ដល់សារព័ត៌ មាន Fox News ថា ក្រុមកងទ័ពជើងទឹក ក៏ស្ថិតនៅលើដំណើរឆ្ពោះទៅឧបទ្វីបកូរ៉េ ផង ដែរ ដើម្បីត្រួតពិនិត្យស្ថានការណ៍នៅទីនោះ៕ ម៉ែវ សាធី


ចែករំលែក៖