ភ្នំពេញ៖ បុរសម្នាក់បានធ្វើដំណើរទៅដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ បន្ទាប់ពីស្គាល់ជាមួយនារីម្នាក់ ត្រឹមតែរយះពេលមួយសប្តាហ៍ ហើយត្រូវនារីម្នាក់នោះខ្ចីម៉ូតូថា ទៅទិញម្សៅលាបមុខមួយភ្លេត ស្រាប់តែទៅបាត់រហូតលែងមកវិញ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧កន្លងទៅ នៅបន្ទប់ជួលនាង ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ទើបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ។
ជនរងគ្រោះឈ្មោះប៊ុន ហ៊ុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅផ្ទះលេខ B39 ផ្លូវលំ ភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិស្វាយជើង ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ។ ចំណែកជនសង្ស័យឈ្មោះ ជីតា ហៅត្រងោល ភេទស្រី ស្នាក់នៅមិនពិតប្រាកដ ។
តាមសំដីជនរងគ្រោះបានឲ្យដឹងថា រួបគាត់ និងនាងបានស្គាល់គ្នាតាមរយះលេខទូរស័ព្ទ ក្រោយមកក៏ណាត់ជួបគ្នាម្តងជា២ដងរួចមកហើយលុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ នារីសង្ស័យបានមកលេងផ្ទះរបស់គាត់ដោយសម្រាក់ចំនួន៣ថ្ងៃ រហូតមកដល់វេលាកើតហេតុ រួបនាងក៏បានខ្ចីម៉ូតូគាត់ថា ទៅទិញម្សៅមួយភ្លេត ហើយគាត់ក៏បានអោយយកទៅ ។
ជនរងគ្រោះបន្តថា បន្ទាប់មកចាំបាត់ៗ ទើបគាត់ខលតាមទូរស័ព្ទតែមិនលើក បន្ទាប់មក ក៏បិទទូរស័ព្ទរហូតខលលែងចូល ។ លុះវេលាម៉ោង៣រសៀល ថ្ងៃទី២៧ ខែមេសា ទើបសម្រេចចិត្តធ្វើដំណើរមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីសុំការអន្តរាគមន៍ ៕ សុខាសែនជ័យ